ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង ឆេះដូចកាំជ្រួចផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ច

ភ្នំពេញ: ទុស្សេខ្សែភ្លើងឆេះដូចកាំជ្រួច តែសំណាងល្អ បានជាពលរដ្ឋ សហការគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ទាន់ពេល កាលពីវេលាម៉ោង១១ និង៤៥នាទីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវវេង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ខ្សែភ្លើងនៅចំណុចខាងលើ នៅគងលើស្លាកប៉ាណូស្លាកយីហោបុរីផុនស៊ុយ យ៉ាងរញ៉េរញ៉ៃ ហើយក៏មានការទុស្សេខ្សែភ្លើងព្រៀកៗបន្តិចម្តងៗ បន្ទាប់មកក៏ផ្ទុះដូចកាំជ្រួច ដោយមានអណ្តាតភ្លើងឆាបឆេះខ្សែភ្លើង ធ្លាក់លើដំបូលផ្ទះប្រជាពលរដ្ឋ ។

ប្រភពព័ត៌មានដដែល បានបន្តទៀតថា ភ្លាមៗនោះ ខ្សែភ្លើងដែលឆេះ ដាច់គរលើគ្នាបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ត្រូវបានប្រជាពលរដ្ឋរស់នៅជិតកន្លែងកើតហេតុ នាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់អស់ជាង២០បំពង់។

ក្រោយទទួលបានដំណឹងភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន បានមកជួយអន្តរាគមន៍ តែមិនបានចេញរថយន្តពន្លត់អគ្គិភ័យនោះទេ ដោយសារប្រជាពលរដ្ឋបានប្រើបំពង់បាញ់ពន្លត់អគ្គិភ័យរលត់បាត់ទៅហើយ៕

មតិយោបល់