កំពង់ឆ្នាំងៈ បទល្មើសនេសាទគ្រប់ប្រភេទ កើតមានលើផ្ទៃបឹងទន្លេសាប យ៉ាងព្រោងព្រាត នារដូវទឹកឡើង ជាក់ស្ដែងគ្រាន់តែរយៈពេល១ថ្ងៃ សមត្ថកិច្ចចម្រុះចុះធ្វើការរុះរើកាប់បំផ្លាញចោលឧបករណ៍បទល្មើសនេសាទ មានរបាំងរាំងផ្ចិតកាត់ព្រែកចំនួន១៨កន្លែង មានប្រវែង៤០០ម៉ែត្រ លប២៦លប លូ៦ បង្គោល៤៦០ដើម រួមនឹងឧបករណ៍ទំនើបមានលបប្រើស១០០ចំនួន១១គ្រឿង។
សមត្ថកិច្ចចម្រុះស្ថិតក្នុងការបង្ក្រាបបានឲ្យដឹងថា ការបង្ក្រាបធ្វើឡើង ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងចម្រុះផ្នែករដ្ឋបាលជលផល កំពង់ប្រាសាទ រួមនឹងសង្កាត់រដ្ឋបាលជលផលយោធា ស្រុក សហគមន៍នេសាទសរុប២០នាក់ មធ្យោបាយធ្វើសកម្មភាពកាណូតជ័រ៤គ្រឿង នៅចំណុច ព្រែកត្រប់ ព្រែកកំពង់បាស្រូវ ព្រែកខ្លែងក្រូច ព្រែកប្រចាន់ ព្រែកអន្លុងអក រួមនឹង របាំងសាច់អួនដាក់តាមដងទន្លេ ផងដែរ។
លោក ឃីម ឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ បានឲ្យដឹងថា ការចុះបង្ក្រាបនៅពេលនេះ គឺធ្វើការទប់ស្កាត់ការដាក់របាំងរាំងផ្ចិតពោះព្រែក ខណៈដែលទឹកកំពុងឡើងខ្លាំង ហើយត្រីក៏ត្រូវចូលរកកន្លែងពងកូនផងដែរ។ ក្នុងនោះត្រូវការពារព្រៃលិចទឹកឲ្យបានល្អវាជាកន្លែង សម្រាប់សត្វគ្រប់ប្រភេទរស់នៅ និងបន្តពូជ។
លោកនាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ ក៏បានធ្វើការផ្សព្វផ្សាយអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យយល់ច្បាស់ស្តីពីច្បាប់ជលផលលើការហាមឃាត់ការនេសាទដោយឧបករណ៍នេសាទ ស្បៃមុង ឆក់ និងឧបករណ៍នេសាទទំនើបប្រើស១០០ដែលកំពង់មានវត្តមានដាក់ចាប់យកត្រី មិនរើសមុខទាំងប្រាំង និងវស្សា។ ទប់ស្កាត់ដំណាក់ការផលិតឧបករណ៍ល្មើសច្បាប់ដោយសហការជាមួយ គណះបញ្ជាការឯកភាពខេត្តទប់ស្កាត់ជាមុននៅរាល់ការផលិតការទិញការលក់ការដឹកជញ្ជូនការថែរក្សារឧបករណ៍នេសាទស្បៃមុង គ្រប់ប្រភេទ។ បង្ក្រាបបទល្មើសជាក់ស្តែងនៅនិងកន្លែងដោយធ្វើការរុះរើកាប់បំផ្លាញចោល។
ក្នុងនោះផងដែរលោកនាយផ្នែករដ្ឋបាល ជលផលកំពង់ឆ្នាំង បានធ្វើការសំណូម ដល់បងប្អូនប្រជាពលរដ្ឋដែលលោកមានមុខរបរនេសាទត្រូវគោរពច្បាប់ស្តីពីជលផលពីសេសសូមចូលរួមអនុវត្តន៍គោលនយោបាយ៧ ចំណុចរបស់ ប្រមុខរាជរដ្ឋាភិបាល កុំចាប់ត្រី នៅក្នុងរដូវត្រីពងកូននៅទឹកដំឡើង ដើម្បីការពារនិរន្តរភាព ពូជត្រី សម្រាប់កូនចៅជំនាន់ក្រោយ និងបានកាត់ បន្ថយជីវភាពក្រីក្រ និងបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរផងដែរ៕
មតិយោបល់