ភ្នំពេញៈ រថយន្តមួយគ្រឿងប្រភេទក្បាល អូសសណ្តោងកុងតឺន័រ បើកលឿនវ៉ាជែងមិនផុត ជ្រុលបុកកៀររថយន្តព្រូស ផ្លោងឆ្លងទ្រូងផ្លូវទៅម្ខាងទៀត រងខូចខាតដំណំ តែពុំបង្កឲ្យមានអ្នករងរបួស ក្រោយកើតហេតុភ្លាមនោះ អ្នកបើករថយន្តបង្កចុះរត់គេចខ្លួនបាត់។
កើតហេតុវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តព្រូស ពណ៌គយ ពាក់ស្លាកលេខ ភ្នំពេញ 2AX-2614 បើកបរដោយស្ត្រីម្នាក់ ធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ លាយបៃតង ពាក់ស្លាកលេខ ភ្នំពេញ 3D-1655 មានក្បាលរថយន្តសម្រាប់អូស សណ្តោងកុងតឺន័រ បានបើកស្របទិសវ៉ាជែង តែមិនផុត ជ្រុលបុកកៀររថយន្តព្រូស ទាក់នឹងដែកទំពក់ជាប់ទ្វារ រុញក្រវាត់រថយន្តព្រូស ផ្លោងហោះទៅបំណែកផ្លូវម្ខាងទៀត ប៉ះជាមួយរថយន្តកុងតឺន័រមួយគ្រឿងផ្សេងទៀត បើកច្រាសទិសគ្នា។
ក្រោយកើតហេតុ កុងតឺន័រមួយគ្រឿង សុំរួចខ្លួនហើយបន្តដំណើរទៅបាត់ សល់តែរថយន្តបង្ក តែអ្នកបើករត់គេចខ្លួនបាត់ ដោយសមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ យករថយន្តទាំង២គ្រឿងដាក់កៀនខាង ជៀសវាងកកស្ទះចរាចរណ៍ ខណៈដែលមានក្រុមហ៊ុនធានារ៉ាប់រង កាំមីនកូ បានចេញមកគិតគូចរចាគ្នា យករថយន្តរងគ្រោះ ទៅជួសជុលជូនវិញ៕
មតិយោបល់