ព័ត៌មានជាតិ

Update៖ ជនមិនស្គាល់មុខ បើករថយន្តមកប្លុងចោល នៅបណ្តោយផ្លូវភ្លោះក្រុមហ៊ុនOCIC ត្រូវសមត្ថកិច្ចចុះពិនិត្យ តាមពិតអ៊ុចឹងសោះ

ភ្នំពេញៈ រថយន្ត ម៉ាកTOYOTA COROLLA ពណ៌សមួយគ្រឿង ត្រូវបានជនមិនស្គាល់មុខ បើកយកមកប្លុងចោល នៅក្នុងតាមបណ្តោយផ្លូវភ្លោះក្រុមហ៊ុនOCIC ហើយគេចខ្លួនបាត់ រយៈពេលមួយយប់មួយថ្ងៃមកហើយ ធ្វើឱ្យមានការភ្ញាក់ផ្អើល ដល់សន្តិសុខ និងអ្នកដំណើរ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ និងខណ្ឌជ្រោយចង្វារ ចុះត្រួតពិនិត្យ ដោយគេឆ្ងល់ថា មិនដឹងម្ចាស់នៅឯណា ហើយមានរឿងអី ឬអាចជាករណីលួចគេពីណាមក ទើបយកមកប្លុងចោលនៅទីនេះ។

ហេតុការណ៍នេះ មានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវភ្លោះក្នុងក្រុមហ៊ុនOCIC ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលគេយកទៅប្លុងចោលនោះ ម៉ាកTOYOTA COROLLA ពណ៌ស ស៊េរីឆ្នាំ១៩៩៣ ពាក់ស្លាកលេខ សៀមរាប 2A 6938 ។

បើតាមសន្តិសុខនៅយាមក្រុមហ៊ុនសំណង់ក្បែរនោះ និយាយថា កាលពីម៉ោងប្រហែល១២និង០០នាទីអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ខណៈគាត់កំពុងយាម ស្រាប់តែមានបុរស៤នាក់ ជិះរថយន្តខាងលើ មកចតនៅចំណុចកើតហេតុ ហើយចុះពីរថយន្តបើកដំបូលមុខ មើលឆ្កឹះឆ្កៀលមួយសន្ទុះ ក៏នាំគ្នាចេញបាត់តែម្តង ។
ដោយបាត់ម្ចាស់យូរពេករយៈពេល១យប់មកហើយ មិនឃើញមកយករថយន្តវិញ រហូតដល់ព្រឹកថ្ងៃទី២៧ ខែមេសា ក៏រាយការណ៍ប្រាប់ប៉ូលិស ទៅពិនិត្យ ដើម្បីស្វែងរកម្ចាស់រថយន្ត។ នៅព្រឹកម៉ោង១០និង៣០នាទីថ្ងៃទី២៧មេសា ក្រោយពីសមត្ថកិច្ចពិនិត្យរថយន្ត ដើម្បីរកវត្ថុតាង ឬមូលហេតុត្រឹមត្រូវ មិនឃើញមានអ្វីគួរឱ្យសង្ស័យ សមត្ថកិច្ចរកឃើញលេខទូរស័ព្ទ ក៏ខលទៅសាកមើលម្ចាស់រថយន្ត ទទួលទូរស័ព្ទហើយសមត្ថកិច្ចសួនាំ ទើបដឹងថា ម្ចាស់រថយន្តស្នាក់នៅផ្ទះជួល នៅម្តុំម្លប់ដើមមាន សង្កាត់ព្រែកលៀប ហើយមូលហេតុ ដែលបណ្តាលឲ្យម្ចាស់រថយន្តចតចោលដូច្នេះ គឺបណ្តាលមកពីរថយន្តអស់ប្រេង និងម្ចាស់ស្រវឹងសា បើកទៅមុខលែងរួច ក៏សម្រេចចិត្តទុកចោល ហើយចាកចេញទៅសម្រាកបាត់។

បន្ទាប់ពីសមត្ថកិច្ចទាក់ទងទៅម្ចាស់រថយន្ត រួចមករថយន្ត ត្រូវបានម្ចាស់យកទៅវិញហើយ៕

មតិយោបល់