ព័ត៌មានជាតិ

Update៖ សិស្សសាលាបឋមសិក្សាអូរអំបិល៥២នាក់ ពុលទឹកដោះគោម៉ាកANGKORMILK

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យ៉ាងហោចណាស់សិស្សបឋមសិក្សាអូរអំបិល៥២នាក់ ក្នុងចំណោម៤០០នាក់បានក្អួតចង្អោឈឺក្បាលចុកពោះពុល និងមានអាការៈក្តៅខ្លួនបង្កការភ្ញាក់ផ្អើលពេញសាលាត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពីខាងក្រុមហ៊ុនទឹកដោះគោANGKORMILKបានចុះផ្សព្វផ្សាយផលិតផល និងចែកចាយដល់សិស្សតូចៗ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពពីអាជ្ញាធរមានសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៦មេសានេះខាងក្រុមហ៊ុនបានចុះមកធ្វើការផ្សព្វផ្សាយផលិតផលរបស់ខ្លួន គឺទឹកដោះគោANGKORMILKនៅក្នុងសាលាហើយក៏បានចែកចាយដល់ជាច្រើននាក់ បើគិតទៅប្រហែលជា៤០០នាក់។ ក្រោយមកពួកគេក៏មានអាការៈក្អួតចង្អោ ខ្លះឈឺក្បាល ខ្លះចុកពោះ ពេលនោះក៏ដឹកទៅកាន់មន្ទីរពេទ្យឯកជន និងមន្ទីរពេទ្យបង្អែក។

ប្រភពដដែលបន្តថា ការចុះផ្សព្វផ្សាយនេះក៏មានការអនុញ្ញាតពីមន្ទីរអប់រំខេត្តផងដែរ។ ក៏ប៉ុន្តែមិនដឹងថាតើមកពីមូលហេតុអ្វីនោះទេ ទើបបណ្តាលឲ្យមានបញ្ហានេះកើតឡើង។ កន្លងទៅសាលាមិនអនុញ្ញាតឲ្យចូលផ្សព្វផ្សាយចែកចាយទឹកដោះគោដល់សិស្សទេ តែពេលនេះខាងក្រុមហ៊ុនមានលិខិតអនុញ្ញាតពីខាងមន្ទីរអប់រំខេត្តទើបសាលាអនុញ្ញាត។

ជុំវិញបញ្ហាខាងលើនេះ ប្រធានមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ លោក អ៊ីវ ដារ៉ាវុឌ្ឍ បានឲ្យដឹងថា សិស្សដែលរងគ្រោះមាន៥២នាក់ ស្រី២៨នាក់ ហើយសិស្ស១២នាក់កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែក១២នាក់ នៅមានអាការៈឈឺក្បាល ចុកពោះ ប៉ុន្តែមិនធ្ងន់ធ្ងរនោះទេ។ បញ្ហានេះអាចមកពីពុលចំណីអាហារ ឬអាចបង្កឡើងដោយទឹកដោះគោ។ ទឹកដោះគោខាងមន្ទីរពេទ្យយកទៅពិនិត្យកាលបរិច្ឆេទគឺនៅមានសុពលភាព ហើយត្រូវយកទៅពិនិត្យពិសោធន៍នៅរាជធានីភ្នំពេញ ក្រោយពិសោធន៍ទើបដឹងលទ្ធផល។

ដោយឡែកខាងក្រុមហ៊ុនទឹកដោះគោANGKORMILKបានប្រាប់សមត្ថកិច្ចថា ក្រុមហ៊ុនបានចែកចាយទឹកដោះគោជូនដល់សិស្សនៅក្នុងខេត្តបន្ទាយមានជ័យបានច្រើនសាលាមកហើយ មិនដែលមានបញ្ហាអ្វីកើតមានឡើងនោះទេ ទើបតែនៅសាលាអូរអំបិលនេះ។

គួររំលឹកថា នៅរសៀលថ្ងៃទី២៦មេសាដដែលនេះ សិស្សរងការពុលក្អួតចង្អោ៥២នាក់នោះ មានសិស្ស៤០នាក់បានដេកសម្រាកនៅមន្ទីរពេទ្យឯកជន ពួកបានធូរស្បើយចេញទៅផ្ទះអស់ហើយ។ នៅសល់សិស្សសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ១២នាក់មិនទាន់ធូរស្បើយនៅឡើយ៕

 

មតិយោបល់