ភ្នំពេញៈ នៅប្រមាណជាងមួយម៉ោងទៀតប៉ុណ្ណោះ ពលការិនីខ្មែរ ចំនួន២នាក់ ដែលបម្រើការងារជាស្ត្រីមេផ្ទះនៅប្រទេសសិង្ហបុរី នឹងវិលត្រឡប់មកកម្ពុជាវិញ ពោល គឺនៅវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ តាមជើងយន្តហោះ 3K591។ នេះជាការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក ជុំ សុន្ទរី ឲ្យដឹងនៅល្ងាចថ្ងៃទី១២ ខែកក្កដានេះថា ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសសិង្ហបុរី បានអន្តរាគមន៍ជួយដោះស្រាយបញ្ហាជូនពលការិនីខ្មែរ ២រូប ដែលបានទៅធ្វើការជាស្រ្តីបម្រើតាមផ្ទះនៅប្រទេសសិង្ហបុរី តាមរយៈក្រុមហ៊ុននាំពលករនៅសិង្ហបុរី ឈ្មោះ A.C TOH ENTERPRISES ហើយមានបញ្ហាសុខភាពឲ្យបានត្រឡប់មកកម្ពុជាវិញ តាមសំណើសុំរបស់សាមីខ្លួន។
ពលការិនីខ្មែរ ទាំង២រូប មានឈ្មោះ រស់ សុផល អាយុ៣២ឆ្នាំ បានទៅធ្វើការនៅប្រទេសសិង្ហបុរី តាំងពីខែឧសភា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុននាំពលករខ្មែរ ឈ្មោះ Philimore Cambodia Co., Ltd និងឈ្មោះ មម ផល្លា អាយុ៣១ឆ្នាំ បានទៅធ្វើការនៅប្រទេសសិង្ហបុរី តាំងពីខែមីនា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុននាំពលករខ្មែរឈ្មោះ Ung Rithy Group Co., Ltd។ ដោយមានការអន្តរាគមន៍ពីស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសសិង្ហបុរី ក្រុមហ៊ុននាំពលករនៅសិង្ហបុរី A.C TOH ENTERPRISES បានឯកភាពរៀបចំឯកសារ និងបើកប្រាក់ខែឲ្យពលការិនីទាំងពីរ។
ជាមួយគ្នានេះ អ្នកនាំពាក្យរូបនេះ ក៏ឲ្យដឹងទៀតថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តណាននីង ប្រទេសចិន ក៏បានសហការសម្របសម្រួលជាមួយអាជ្ញាធរចិន រៀបចំដំណើរមាតុភូមិនិវត្តន៍ដល់ស្រ្តីខ្មែមួយរូបឈ្មោះ វង្ស ចន្ធី អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ដែលត្រូវបានប៉ូលិសចិន ឃាត់ខ្លួន ពីបទហួសកំណត់ទិដ្ឋាការស្នាក់នៅប្រទេសចិន។ ស្រ្តីខ្មែររូបនេះ បានមកដល់ភ្នំពេញហើយ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦៕
មតិយោបល់