ព័ត៌មានជាតិ

នារីវ័យក្មេងម្នាក់ ដើរឆ្លងត្រូវរថយន្តបុកស្លាប់មួយរំពេច

កណ្ដាលៈ នៅវេលាម៉ោង ១និង៤៥នាទីរំលងអធ្រាតឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ មានករណីរថយន្ត បុកអ្នកថ្មើរជើងស្លាប់ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ មិនស្គាល់ឈ្មោះ មានអាយុប្រហែល ២០ឆ្នាំ (មានស្មារតីមិនគ្រប់)។ រថយន្តបង្កមិនស្គាល់ម៉ាក ចំណែកអ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ក្រោយពីបុករួច បានបើករត់គេចខ្លួនបាត់ស្រមោល ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា កន្លងមកនារីរងគ្រោះ ជាញឹកញាប់ឧស្សាហ៍ដើរឆ្លងផ្លូវណាស់ ដោយនៅថ្ងៃកើតហេតុ នារីរងគ្រោះ បានដើរតាមបណ្ដោយផ្លូវជាតិ៤ មកដល់ចំណុចខាងលើ ក៏បានឆ្លងផ្លូវក្នុងទិសដៅពីត្បូងទៅជើង រំពេចនោះក៏មានរថយន្ដ១គ្រឿងមិនចាំម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ ក្នុងល្បឿនយ៉ាងលឿន ពីកើតទៅលិច បានបុកនារីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

មូលហេតុ៖ បណ្តាលមកពីអ្នកបើករថយន្ត បើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលចរាចរណ៍ស្រុក បានចុះដល់កន្លែងកើតហេតុ ដើម្បីវាស់វែង កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ចំណែកសព ត្រូវបានសមត្ថកិច្ចជំនាញ យកទៅតម្កល់ទុកនៅវត្ដ ដើម្បីរងចាំសាច់ញាតិ មកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់