ព័ត៌មានជាតិ

ពេលនេះតុលាការក្រុងភ្នំពេញ សមេ្រចបញ្ជូនជនជាតិចិនទាំង៣នាក់ ទៅឃុំខ្លួននៅពន្ធនាគារ

ភ្នំពេញៈ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនជនជាតិចិនទាំង៣នាក់ នៅពន្ធនាគារភ្នំពេញ ប៉េស៊ី ពាក់ព័ន្ធនឹងការនាំប្រាក់ដោយគ្មានប្រភពច្បាស់លាស់ ពីទីក្រុងហុងកុង ចូលមកប្រទេសកម្ពុជា រីឯវត្ថុតាងប្រាក់ដុលារអាមេរិកទាំងនោះ ត្រូវបានបញ្ជូនទៅធនាគារជាតិ ដើម្បីរក្សាទុកជាភស្តុតាង។

យោងតាមរបាយការណ៍ អគ្គនាយករដ្ឋានអន្តោប្រវេន៍គោរពជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងជាសាច់ប្រាក់នេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងនោះជនសង្ស័យ ទី១.ឈ្មោះ Wang Shiping, ទី២.ឈ្មោះ Wang Lichao និងទី៣.ឈ្មោះ Zhang Jian។ ជនសង្ស័យទាំង ០៣នាក់ គឺជាជនជាតិចិន នឹងធ្លាប់ធ្វើដំណើរទៅមកប្រទេសកម្ពុជាជាច្រើនលើក។
លទ្ធផលនៃការសាកសួរ បានបង្ហាញថា ជនសង្ស័យ២នាក់ គឺឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao ពិតជាបានយកសាច់ប្រាក់សរុបចំនួន ៣៥២០០០០ដុល្លាអាមេរិក ចេញពីទីក្រុងហុងកុង មកកាន់ប្រទេសកម្ពុជាមែន ដោយអះអាងថា ដើម្បីវិនិយោគលើវិស័យអចលនទ្រព្យ និងសណ្ឋាគារ ហើយថាប្រភពនៃសាច់ប្រាក់នោះ គឺបានមកពីការឈ្នះល្បែងនៅម៉ាកាវ ខ្ចីបងប្អូន និងខ្លះទៀតបានមកពីផលចំណេញក្រុមហ៊ុន ប៉ុន្តែសុទ្ធតែគ្មានឯកសារបញ្ជាក់។
ដោយឡែកជនសង្ស័យម្នាក់ទៀត គឺឈ្មោះ Zhang Jian បានផ្ដល់ចម្លើយថា ខ្លួនគ្រាន់តែជាអ្នកមកទទួលឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao តាមការគ្រោងទុកប៉ុណ្ណោះ។
ផ្អែកតាមលទ្ធផលសាកសួរ និងការត្រួតពិនិត្យឯកសារ របស់ជនសង្ស័យទាំង៣រូបខាងលើ អគ្គនាយកដ្ឋាន បានសន្និដ្ឋានថា ជនសង្ស័យឈ្មោះ Wang Shiping និងឈ្មោះ Wang Lichao ពិតជាបាននាំសាច់ប្រាក់ជាង ៣លាន៥សែនដុល្លារនោះ ចូលមកប្រទេសកម្ពុជា ដោយគ្មានប្រភពហិរញ្ញវត្ថុច្បាស់លាស់ ដែលសង្ស័យជាការសម្អាតប្រាក់ប្រាកដមែន ចំណែកឈ្មោះ Zhang Jian ក៏សង្ស័យជាប់ពាក់ព័ន្ធនឹងករណីនេះដែរ៕

 

មតិយោបល់