កណ្តាលៈ កាលពីវេលាម៉ោង ១១និង០០នាទីយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆាបឆេះឃ្លាំងស្ដុបឈើកុងប្លាកេ១កន្លែង ស្ថិតក្នុងភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ រាយការណ៍ប្រាប់សមត្ថកិច្ច សុំការអន្តរាគមន៍។
តាមម្ចាស់ផ្ទះឈ្មោះ ផន ថៃ ភេទស្រី អាយុ៥២ឆ្នាំ បានឲ្យដឹងថា ផ្ទះនិងឃ្លាំងនៅជាមួយគ្នា ទំហំ ១០x២០ម៉ែត្រ ដោយនៅក្នុងនោះ មានដាក់គរឈើ ក្តាកុងប្លាកេ រថយន្តលុចស៊ីស១គ្រឿង ម៉ូតូ១គ្រឿង។ នៅថ្ងៃកើតហេតុ គាត់ជាប់រវល់ទៅដេកសម្រាក ផ្ទះមួយទៀតនៅឯទីក្រុងភ្នំពេញ ដោយចាក់សោទុកចោល ហើយវេលាម៉ោងខាងលើ ក៏ស្រាប់តែមានសាច់ញាតិបងប្អូនក្បែរខាង ទូរស័ព្ទមកប្រាប់ថា ភ្លើងឆេះឃ្លាំង គាត់រន្ធត់ណាស់ ពេលមកដល់ភ្លើងឆេះពេញបន្ទុកទៅហើយ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញផ្សែងហុយៗ ហើយចេញជាអណ្តាតភ្លើង ពីក្នុងផ្ទះឃ្លាំងខាងលើ ទើបផ្អើលឆោឡោ ប្រាប់សមត្ថកិច្ច ឲ្យជួយចុះអន្តរាគមន៍។
ករណីនេះ រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំនួន៤គ្រឿង រថយន្តអង្គភាពឆ័ត្រយោង៩១១ ចំនួន១គ្រឿង អង្គភាព៧១១ ចំនួន៤គ្រឿង សហការរួមគ្នា ចេញទៅអន្តរាគមន៍ បាញ់ទឹកទប់ទល់ភ្លើង តែអំណាចនៃភ្លើងឆេះកុងប្លាកេខ្លាំងពេក បាញ់ទឹកអស់រយៈពេល៥ម៉ោង ទើបភ្លើងរលត់។
មូលហេតុ៖ សង្ស័យទុស្សេចរន្តអគ្គិសនី។
ករណីនេះ មិនរាលដាលទៅផ្ទះផ្សេង ហើយក៏គ្មានអ្នកណារងរបួសឡើយ គ្រាន់តែខូចខាតផ្ទះឃ្លាំង ស្ទើតែទាំងស្រុង ឡាន១គ្រឿង និងសម្ភារៈផ្សេងៗទៀត ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស្រាវជា្រវបន្ត ដើម្បីរកមូលហេតុនៃការឆេះនោះ៕
មតិយោបល់