ព័ត៌មានជាតិ

អគ្គិភ័យបានលេបត្របាក់ផ្ទះពលរដ្ឋមួយកន្លែង បំផ្លាញសម្ភារៈទ្រព្យសម្បត្តិអស់ជាច្រើន

ភ្នំពេញ: យោងតាមផេក ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ មួយកន្លែង នៅតាមម្តុំត្រឡោកបែក និងបានបំផ្លាញសម្ភារ:អស់មួយចំនួន ក្នុងនោះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី បានបង្កជាអគ្គិភ័យឆាបឆេះតែម្តង ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង២០នាទីយប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលេខ២៤១ ផ្លូវរថភ្លើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានរលត់ទៅវិញហើយ ក្រោយមានការជួយសង្គ្រោះពីកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការអន្តរាគមន៍សង្គ្រោះនេះ គឺកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់ចំនួន៨គ្រឿង ប្រើប្រាស់ទឹកអស់ ៨ឡាន ស្មើនឹង ៣២ម៉ែត្រ ។

លោកស្នងការរង បានបន្តថា ចំពោះម្ចាស់ទីតាំងឈ្មោះ កៅ ហុង ភេទប្រុស អាយុ ៤៧ឆ្នាំ មានមុខរបរ ម៉ៅការសំណង់ ស្នាក់នៅទីតាំងកើតហេតុខាងលើ ។

លោកស្នងការរង បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញ ឈើប្រក់ស័ង្កសី (ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ), ឈើប្រទាល និងសម្ភារ:ប្រាស់ប្រចាំថ្ងៃមួយចំនួន ។

យ៉ាងណាមិញសម្រាប់ប្រតិបត្តិការនេះ ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបាននៅវេលាម៉ោង ៧និង០០នាទីនាថ្ងៃខែដដែល ។ ចំពោះមូលហេតុការដែលនាំឲ្យមានអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ ៕

មតិយោបល់