ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ចុះហែលទឹកលេង លង់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ

ភ្នំពេញ: ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ ក្រោយពីដឹកបញ្ជូនទៅដល់មន្ទីពេទ្យ ដោយសារក្មេងរងគ្រោះចុះងូតហែលទឹកលេងជាមួយក្មេងប្រុស២នាក់ផ្សេងទៀត នៅស្រះវត្តជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ។

ក្មេងរងគ្រោះឈ្មោះ ឡាយ វ៉ាន់ណាត ភេទប្រុស អាយុ១៣ឆ្នាំ ជាក្មេងកំព្រា នៅឯក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តែមកលេង ជាមួយក្មេងនៅ អង្គការមិត្តសំលាញ់ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ បាន២ថ្ងៃហើយ តែមានក្មេង២នាក់ទាំងក្មេងរងគ្រោះ ស្នាក់នៅចិញ្ចើមផ្លូវមុខវត្តជម្ពូវ័ន ។

តាមប្រភពពីក្មេង រួមដំណើរជាមួយគ្នា ដែលមកលេងទឹកស្រះ បានឲ្យដឹងថា ពួកគេមានគ្នា៣នាក់ មុនកើតហេតុ បានមកចុះងូតទឹកស្រះហែលលេង នៅវេលាម៉ោងខាងលើ ជនរងគ្រោះ ផុតជើង មិនចេះហែលទឹក លង់លិច ឈ្លក់ទឹក ត្រូវបាន ពលរដ្ឋជួយស្រង់ឡើងគោក ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ ក្រុមក្មេងទាំង៣នាក់ចុះងូតទឹកស្រះលេង ហើយមានក្មេងម្នាក់ក្នុងចំណោម៣នាក់ បានលង់ទឹក ឆោឡោនាំគ្នាជួយស្រង់ឡើងគោក ដោយឃើញសភាពមិនស្រួល អស់រយ:ពេលជិត១ម៉ោង មិនដឹងខ្លួន ក៏បានហៅរថយន្តសង្គ្រោះមកដឹក បញ្ជូនទៅមន្ទីរពេទ្យ ។

តាមក្រុមសង្គ្រោះបានឲ្យដឹងថា គួរឲ្យសោកស្តាយ ក្រោយពីក្មេងរងគ្រោះលង់ទឹក អស់រយ:ពេលជិតមួយម៉ោង ទើបរករថយន្តសង្គ្រោះជាក្រោយ ជាអកុសល្យក្មេងរងគ្រោះ ក្រោយពីដឹកបញ្ជូនដល់មន្ទីរពេទ្យ បានស្លាប់បាត់ជីវិត ។

ក្រោយពីស្លាប់ ក្មេងរងគ្រោះ ត្រូវបានដឹកវិលត្រឡប់មកតំកល់ទុកនៅវត្តជម្ពូវ័នវិញ រងចាំជំនាញធ្វើការពិនិត្យ កោសល្យវិច័យ រួចទំនាក់ទំនងទៅខាងអង្គការ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់