ព័ត៌មានជាតិ

គោយន្តកែច្នៃ បើកថយក្រោយប៉ះម៉ូតូ ស្លាប់ និងរបួសក្មេង ៣នាក់ នៅខេត្តសៀមរាប

សៀមរាបៈ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងគោយន្តកែច្នៃ និងម៉ូតូ នៅចំណុចលើផ្លូវក្រាលគ្រួសភូមិស្នួល ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

គោយន្តកែច្នៃ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ លន់ លីន ភេទប្រុស អាយុ ២៨ឆ្នាំរស់នៅភូមិល្បើក ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប។

ជនរងគ្រោះមានឈ្មោះ យាត យ៉ា ភេទស្រី អាយុ ១៣ឆ្នាំ (ស្លាប់) ជាអ្នកបើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ពោធិ៍សាត់ 1F-7834 រួមដំណើរជាមួយឈ្មោះ យាត សារិកា ភេទស្រី អាយុ ១៤ឆ្នាំ(របួសស្រាល) និងឈ្មោះ ង៉ា វីសា ភេទស្រី អាយុ ១១ឆ្នាំ (របួសស្រាល) ទាំង៣នាក់រស់នៅភូមិព្រៃគាប ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ប្រភពពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា គោយន្តខាងលើ បានបើកថយក្រោយពីជើងទៅត្បូង រួចបុកប៉ះម៉ូតូដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ពេញទំហឹងបណ្ដាលឲ្យមានគ្រោះថ្នាក់នេះតែម្ដង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករបួស ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

សូមបញ្ជាក់ថា៖ ក្រោយកើតហេតុអ្នកបើកបរគោយន្តកែច្នៃ បានចុះរត់គេចខ្លួនបាត់៕

មតិយោបល់