ភ្នំពេញៈ ពលរដ្ឋតាមតុកាហ្វេ បានបញ្ចេញមតិរៀងៗខ្លួន ពាក់ព័ន្ធនឹងករណី កាលពីវេលាម៉ោង១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ជនបង្កឈ្មោះ ដួង ណាគ្រី ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធាន នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មានទីលំនៅផ្ទះលេខ៩៤៣ ផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ដែលបានប្រើអាវុធ បាញ់ទៅលើរថយន្ត Range Rover ស្លាកលេខ ភ្នំពេញ 2U-4448 ជិះដោយប្ដីប្រពន្ធពីរនាក់ បណ្ដាលឲ្យបែកកញ្ចក់ក្រោយ ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជនបង្កភ្លាមៗ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីធ្វើការសាកសួរ។
ពលរដ្ឋតាមហាងកាហ្វេ នៅរាជធានីភ្នំពេញ ចង់មានវិធានការផ្លូវច្បាប់ មិនមែនគ្រាន់តែដាក់ទោសពិន័យ កងកម្លាំងលើជនបង្កនោះទេ ពីព្រោះវាជាបទល្មើសព្រហ្មទណ្ឌ ខណៈពលរដ្ឋមួយចំនួនទៀត កំពុងរង់ចាំមើលចំណាត់ការ របស់សមត្ថកិច្ច ហ៊ានចាត់វិធានការទៅលើលោកផ្កាយ១ ដែលជាមន្ត្រីអនុវត្តច្បាប់ បាញ់បោះសេរី បង្កឲ្យភិតភ័យដល់ពលរដ្ឋ រីឯមតិមួយទៀត ចង់ឲ្យមានការដកស័ក្តិ បណ្ដេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ហើយចាប់បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការ ទៅតាមនិតីវិធីច្បាប់ ទុកជាគំរូដល់មន្ត្រីក្រោយៗ កុំឲ្យធ្វើបែបនេះទៀត។
តាមប្រភពព័ត៌មានច្បាស់ការណ៍ ករណីនេះ កំពុងមានអ្នករត់ការខ្វែងដៃខ្វែងជើង ឲ្យជនបង្ក រួចផុតពីសំណាញ់ច្បាប់។
ពលរដ្ឋសំណូមពរទៅដល់ សម្ដេចក្រទ្បាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការ ទៅលើមន្ត្រីផ្កាយ១ ដែលបាញ់បោះសេរី គំរាមគំហែងដល់ពលរដ្ឋស្លូតត្រង់ និងដើម្បីឲ្យជនរងគ្រោះទទួលបានភាពយុត្តិធម៌៕








មតិយោបល់