ព័ត៌មានជាតិ

ជើងខ្លាំង! កាប់ប្លន់យកម៉ូតូឆៅៗ ពេលនេះសមត្ថកិច្ចវាយខ្នោះហើយ

បាត់ដំបងៈ ដោយមានការបញ្ជាផ្ទាល់ពីលោក អ៊ុច សុខុន ស្នងការនគរបាលខេត្តបាត់ដំបង លោក ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ៩និង៤០នាទីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ បានឲ្យលោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំក្រុមអន្តរាគមន៍បង្ការបង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះបង្ក្រាបករណី អំពើលួចមានស្ថានទម្ងន់ទោស ( កាប់យកម៉ូតូ ) ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ត្រង់ចំណុចភូមិបល្ល័ង្ក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យទី១ឈ្មោះ ភណ្ឌ័ សុភា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ជនសង្ស័យទី២ឈ្មោះ ផាន់ សង្វាពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិផ្កាស្លា សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនរងគ្រោះមានឈ្មោះ ហុន កានឿន ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិអូរគគី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង។

ប្រភពព័ត៌មាន បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង០២នាក់ រួមទាំងបក្ខពួកម្នាក់ទៀត (រត់គេចខ្លួនបាត់) បានធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះខាងលើ ដើម្បីយកម៉ូតូ១គ្រឿង ម៉ាកស៊ូស៊ូគីនិច ស៊េរីឆ្នាំ ២០១៨ ពណ៌ស លេខតួ ៣៣១៣៧៥ លេខម៉ាស៊ីន ៥២៣៣១៣០៣ ពាក់ស្លាកលេខ ភ្នំពេញ 1JS-0748 កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ១និង០៥នាទី នៅចំណុចក្រុម០៨ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្រោយលួចបាន ជនសង្ស័យ បានយកម៉ូតូប្ដូរស្លាកលេខ ដើម្បីបំភ័ន្តសមត្ថកិច្ច។

បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុងកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់