ព័ត៌មានជាតិ

ចោរមួយក្រុមព័ទ្ធស្ទាក់ប្ដីប្រពន្ធ ២នាក់ ឆក់ដណ្ដើមយកកាបូបលុយជាង១០០០ដុល្លារ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ពីរនាក់ប្តី-ប្រពន្ធ ជិះម៉ូតូឌុបគ្នាទៅផ្សារ រកទិញបន្លែម្ហូប យកទៅលក់ ត្រូវបានក្រុមចោរឆក់ មានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ឡោមព័ទ្ធធ្វើសកម្មភាពសឹងស្មើប្លន់ ឆក់ដណ្តើមយកកាបូបក្រវ៉ាត់ចង្កេះ ពីស្ត្រីជាប្រពន្ធទៅបាត់ ដោយសុវត្តិភាព កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះ ញឹម សំអាត ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ មានប្តីឈ្មោះ ពេជ្រ សុវណ្ណ អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ កោះកុក ឃុំកោះទទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សម្ភារ:បាត់បង់៖ លុយជាង៨០០ដុល្លារ ប្រាក់រៀល ជាង៧០ម៉ឺនរៀល គ្រឿងអលង្ការ ខ្សែក ខ្សែដៃ របស់កូនផ្ញើទុក សរុបអស់ជាង១០០០ដុល្លារ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា ជារៀងរាល់ព្រឹក គាត់ប្តីប្រពន្ធ ងើបទៅផ្សារ រកទិញបន្លែម្ហូប នៅផ្សារជម្ពូវ័ន ដើម្បីយកទៅលក់បន្តនៅផ្ទះជួល ហើយនៅព្រឹកកើតហេតុ វេលាម៉ោង៥ព្រឹក គាត់២នាក់ប្តីប្រពន្ធ បានជិះម៉ូតូមួយគ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1B-0240 ជិះទៅរកទិញបន្លែដូចសព្វដង ដោយធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ចំណុចភូមិអង្គកែវ ជិតដល់ផ្សារជម្ពូវ័នទៅហើយ ស្រាប់តែលេចមុខជនសង្ស័យ ៤នាក់ជិះម៉ូតូ២គ្រឿង តាមមកពីក្រោយ មួយគ្រឿងស្គាល់ម៉ាកនិច មួយគ្រឿងទៀតមិនស្គាល់ម៉ាក ជិះពាំងពីមុខ ទុកឲ្យម៉ូតូនិច អែបជាប់ពីខាងឆ្វេង រួចជនសង្ស័យឆក់ដណ្តើមយកកាបូបពីចង្កេះគាត់ ហើយជនសង្ស័យម្នាក់ ដែលជិះម៉ូតូពាំងឃាត់ពីមុខ មកកាច់សោម៉ូតូពន្លត់ហើយ ក្រុមជនសង្ស័យ ឡើងជិះម៉ូតូ គេចខ្លួនទៅបាត់អស់ ទោះជាដេញតាម ក៏មិនទាន់ មានតែរត់ចូលប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ៣ ឲ្យជួយអន្តរាគមន៍ ស្រាវជ្រាវ និងកំណត់មុខសញ្ញាឆក់ខាងលើ៕

មតិយោបល់