ព័ត៌មានជាតិ

ម្ចាស់ចុះទិញនំបញ្ចុកមួយភ្លែត ចោរជិះទៅបាត់

ភ្នំពេញ: ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង នៅម្តុំផ្សារសាំហាន់ ត្រូវប្រជាពលរដ្ឋជិះដេញតាម ភ័យពេកជិះម៉ូតូដួលនៅទឹកដីសង្កាត់ផ្សារដេប៉ូ៣។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវបែកជាបួន ស្ថិតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

ជនសង្ស័យឈ្មោះឡង យ៉ាំងងិន ភេទប្រុស ជនជាតិវៀតណាម អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះ ជីវ អង្គារ៉ា ភេទប្រុស អាយុ៥០ ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលេខ៨ ក្នុងបុរីពភពថ្មី ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ជាម្ចាស់ម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1A 8133 ស៊េរីឆ្នាំ២៩៩៨។

តាមប្រភពពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូ ចេញពីផ្ទះនៅបុរីពិភពថ្មី ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ទៅទិញនំបញ្ចុកហូប ខណ:ដល់កន្លែងទិញ ក៏ចុះពីម៉ូតូទៅទិញនំបញ្ចុក ដោយមិនបានដកសោចេញពីម៉ូតូនោះទេ ស្រាប់តែគាត់បែរខ្នងតែបន្តិច ជនសង្ស័យខាងលើ បានជិះម៉ូតូចេញទៅបាត់។

ខណ:នោះគាត់មិនបានដឹងទេ ស្រាប់តែបងប្អូនប្រជាពលរដ្ឋ នៅក្បែរនោះស្រែកថា ចោរៗ ទើបគាត់ដឹង ភ្លាមៗផងដែរ ប្រជាពលរដ្ឋបួនទៅ៥នាក់ បានជិះម៉ូតូដេញតាមជនសង្ស័យ ប្រហែលកន្លះម៉ោងក្រោយមក មានអ្នកដេញបានប្រាប់គាត់ថា គេចាប់ចោរបានហើយ នៅម្តុំក្តាន់២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក។

ជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូ៣ ប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់