ភ្នំពេញៈ នៅថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១៦ ស្អែកនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចូលរួមប្រជុំអាស៊ីអឺរ៉ុបលើកទី១១ នៅប្រទេសម៉ុងហ្គោលី។
នេះជាការជួបជុំជាទៀងទាត់២ឆ្នាំម្តងរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសចំនួន៥១ និងអង្គការ២ គឺលេខាធិការរដ្ឋានអាស៊ាន និងស្នងការអឺរ៉ុប។ កម្ពុជាបានចូលជាសមាជិកស្របពេលគ្នាជាមួយឡាវ និងមីយ៉ាន់ម៉ា និងប្រទេស៤ផ្សេងទៀតមកពីអឺរ៉ុប ក្នុងឆ្នាំ២០០៤ នៅហាណូយប្រទេសវៀតណាមនាសម័យប្រជុំលើកទី៥។
តាំងពីពេលនោះមក សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូកម្ពុជាចូលរួមប្រជុំមិនដែលអាក់ខាន គឺ ឆ្នាំ២០០៦ នៅហ្វាំងឡង់ ឆ្នាំ២០០៨ នៅចិន ឆ្នាំ២០១០ នៅបែលហ្សិក ឆ្នាំ២០១២ នៅឡាវ ឆ្នាំ២០១៤ នៅអ៊ីតាលី និងឆ្នាំ ២០១៦ នេះនៅប្រទេសម៉ុងហ្គោលី។
ក្រៅពីការប្រជុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីចិន នាយករដ្ឋមន្ត្រីជប៉ុន ប្រធាធិបតីកូរ៉េ និងអាចជួបប្រាស្រ័យជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលបណ្តាប្រទេសផ្សេងទៀត ដែលចូលប្រជុំជាមួយគ្នា ហើយនេះជាទម្លាប់ធម្មតាសម្រាប់មេដឹកនាំរដ្ឋនានានៅលើពិភពលោក៕
មតិយោបល់