ព័ត៌មានជាតិ

ជើងខ្លាំង វ៉ៃប៉ូលិស ៤នាក់ ត្រូវបញ្ជូនទៅតុលាការហើយ

ភ្នំពេញ: ជនសង្ស័យចំនួន ៤នាក់ វ៉ៃប៉ូលិសប៉ុស្តិ៍ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យរងរបួសធ្ងន់២នាក់ ក្រោយពីចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបាននគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជូននាំខ្លួនទៅតុលាការហើយ ដើម្បីឲ្យព្រះរាជអាជ្ញា ចោទសួរ និងដាក់បន្ទុកជាផ្លូវការ ជាមួយជនសង្ស័យ គ្រឿងញៀនម្នាក់ទៀត។

ជនសង្ស័យទី១ ឈ្មោះ ផាន ស្រៀង ភេទប្រុស អាយុ២៥ ឆ្នាំមុខរបរជាងដែក ស្នាក់នៅផ្ទះជួលលូប្រាំ ។ ទី២ ឈ្មោះ ផាន វិស្រូ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ លក់គ្រឿងរថយន្ត ស្នាក់នៅម្តុំលូប្រាំ ។ ទី៣ ឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបម្រើការងារកាងនៅហាងខារ៉ាអូខេ ផ្លូវ២០០៤ ។ ទី៤ ឈ្មោះ ផូ ហឿន ភេទប្រុស អាយុ២១ ឆ្នាំមុខរបរបម្រើការងារ កាងនៅហាងខារ៉ាអូខេផ្លូវ ២០០៤ ។

ចំណែកជនរងគ្រោះជាមន្ត្រីនគរបាលចំនួន ២រូប៖ ទី១ឈ្មោះ លីន ឃឿន ភេទប្រុសអាយុ២៧ ឆ្នាំមុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រងរបួសបាក់ក្តោងច្រមុះ និងក្បាលផ្នែកពីក្រោយ និងទី២ឈ្មោះ ភួង ចាន់ណា អាយុ២៦ ឆ្នាំមុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រងរបួសត្រូវស្មងជើង ។

តាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ ក្រុមជនសង្ស័យ បង្កហិង្សាដោយចេតនា លើមន្ត្រីនគរបាលប៉ុស្តិ៍ចោមចៅ១ តាមផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យរងរបួសមន្ត្រីនគរបាល២រូប ហើយត្រូវបានកម្លាំងសមត្ថកិច្ច បង្ក្រាបចាប់ខ្លួនបាន៤នាក់ ខាងលើ ។

ជនសង្ស័យទាំង៤នាក់ ក្រោយពីចាប់ខ្លួនបាន នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបានសមត្ថកិច្ច នាំខ្លួនបញ្ជូនទៅតុលាការ រួមជាមួយជនសង្ស័យ ២នាក់ផ្សេងទៀត ៕

មតិយោបល់