ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ អណ្ដែតទឹកនៅមាត់ច្រាំងកោះតាង

កណ្ដាល: កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៩ មានករណីប្រទះឃើញសាកសពបុរសម្នាក់ ត្រង់ចំណុចភូមិព្រែកក្របៅទី១ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទ ប្រុស អាយុប្រហែល២០ឆ្នាំ កម្ពស់ ១,៦០ម៉ែត្រ សម្បុរស្រអែម សក់ស្លូតវែង ពាក់អាវសាច់ ក្រណាត់ ពណ៌ប្រផេះ មានហោប៉ាវនៅខាងឆ្វេង ស្លៀកខោទ្រនាប់ ពណ៌ទឹកប៊ិច ខោខូវប៊ូយជើងវែង ពណ៌ខៀវជាប់ ជើងមួយចំហៀងខាងស្តាំ ពាក់ចិញ្ចៀនពណ៌ស នៅមេដៃខាងឆ្វេង មានស្នាមសាក់រូបមេអំបៅ រូបហង្សនៅលើទ្រូង និងមានសាក់រូបផ្កាច័ន្ទ នៅលើកំភួនដៃខាងស្តាំ ។

វត្ថុតាងចាប់យក ៖ ចិញ្ចៀនពណ៌សមួយវង់។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុឈ្មោះ អ៊ែល មោ ភេទ ប្រុស អាយុ ៥៤ ឆ្នាំជនជាតិចាម បានជិះទូកនេសាទត្រី តាមទន្លេមេគង្គ ប្រទះឃើញសាកសព អណ្តែតទឹក នៅមាត់ច្រាំងកោះតាង ឃើញដូចនោះ ឈ្មោះ អ៊ែល មោ បានរាយការណ៍ ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកអំពិលបន្ទាប់ មក សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ មេភូមិក្រុមប្រឹក្សាឃុំគ្រូពេទ្យ ធ្វើការពិនិត្យសព សន្និដ្ឋានសព ស្លាប់ដោយសារលង់ទឹក។

ក្រោយពេលពិនិត្យរួច សមត្ថកិច្ចបានប្រគល់ សាកសពជូនក្រុមប្រឹក្សាឃុំព្រែកអំពិល ដើម្បីបញ្ចុះ និងបន្តស្វែងរកសាច់ញាតិ៕

មតិយោបល់