ព័ត៌មានជាតិ

ចុះទៅទិញទឹកសុទ្ធភ្លេចចាក់សោរថយន្ត ចោរចូលលួចយកលុយអស់ជាង២ពាន់ដុល្លារ

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ ត្រូវបានចោរចូលលួចលុយក្នុងរថយន្តអស់ចំនួនជាង២ពាន់ដុល្លារ ដោយសារតែបុរសខាងលើ មិនបានចាក់សោរថយន្ត ហើយក៏ត្រូវបានចោរបើកទ្វារយកអស់តែម្តង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅចំណុចមុខផ្ទះគ្មានលេខ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

បុរសជនជាតិចិនរងគ្រោះមានឈ្មោះ HAN GUO QIN ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ ផ្នែកទីផ្សារ ធ្វើការនៅក្រុមហ៊ុនចិនធ្វើផ្លូវថ្នល់ ស្នាក់នៅឃុំប្រម៉ោយ ស្រុកស្ទឹងថ្មី ខេត្តពោធិ៍សាត់។

ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសជនជាតិចិនខាងលើបានបើករថយន្ត មួយគ្រឿង ម៉ាក Ford ពណ៌ខ្មៅ ពាក់ស្លាកលេខ AT16 2-0341 ចេញពីខេត្តពោធិ៍សាត់មកភ្នំពេញ ដើម្បីទិញគ្រឿងបន្លះគ្រឿងចក្រដែលកំពុងជួសជុលផ្លូវជាតិលេខ៥ មកធ្វើការដោះប្តូរ ។ លុះពេលទិញបានហើយរួចលើកអីវ៉ាន់ដាក់គូទរថយន្តខាងក្រោយ ក៏បានបើករថយន្តត្រឡប់ទៅខេត្តពោធិ៍សាត់វិញ ដោយបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងគោលបំណងដឹកយកទៅការដ្ឋានធ្វើផ្លូវថ្នល់នៅភូមិឃុំកើតហេតុខាងលើ ខណៈពេលដែលបើករថយន្តដល់ចំណុចមុខដីឡូគ្មានលេខ ក៏បានបើករថយន្តអែកចិញ្ចើមផ្លូវខាងស្តាំដៃ រួចបើកទ្វាររថយន្តចុះដើរឆ្លងផ្លូវទៅទិញទឹក ដោយមិនបានចាក់សោទ្វាររថយន្តទេ។ ក្រោយពីទិញទឹករួចមក ក៏បានដើរត្រឡប់ឡើងរថយន្តវិញ ហើយបានបើកទ្វាររថយន្ត ពេលនោះ ស្រាប់តែបានបាត់កាបូបលុយដែលទុកនៅក្នុងរថយន្តចំនួនជាង ២ពាន់ដុល្លារ លិខិតឆ្លងដែនចំនួន មួយ និងសម្ភារៈមួយចំនួនផងដែរ។

ក្រោយពីកើតហេតុ បុរសជនជាតិចិនរូបនោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងកំណត់មុខសញ្ញា៕

មតិយោបល់