ព័ត៌មានជាតិ

ពលរដ្ឋសូមឲ្យអាជ្ញាធរជួយមើលផ្លូវជាប់របងផ្សារ ហេង លី និងផ្លូវលេខ១៩២ ផង

ភ្នំពេញៈ ចូលដល់រដូវវស្សាមានភ្លៀងធ្លាក់សឹងគ្រប់ខេត្តក្រុងភូមិស្រុក អ្នកកសិករធ្វើស្រែចម្ការមានភាពរីករាយក្នុងការបង្កបង្កើនផល ក៏ស្រាប់តែមានកូនរដូវប្រាំងចំនួន១៥ថ្ងៃ ក្នុងខែកក្កដាផងដែរ ដោយសារភ្លៀងធ្លាក់ក្នុងរាជធានីភ្នំពេញមានធំមានតិចជួនកាលលិចផ្លូវមួយចំនួនមួយសន្ទុះផងដែរ។

ជាក់ស្ដែងនៅលើកំណាត់ផ្លូវ២៦៩ ភូមិ១០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាប់របងផ្សារហេងលីខាងកើត ក្រោយពីខានភ្លៀងធ្លាក់ជាង១សប្តាហ៍មកហើយ នៅមានទឹកលិចដែលមានពណ៌ខ្មៅ និងក្លិនស្អុយស្ទើតែទ្រាំពុំបាន និងពិបាកធ្វើដំណើរឆ្លងកាត់ខ្ទាតទឹកប្រឡាក់សិស្សសាលា អ្នកធ្វើការ និងរមាស់ជើងដែលដើរទៅផ្សារទិញបន្លែត្រីសាច់ធ្វើម្ហូបប្រចាំថ្ងៃផងដែរ។

ប្រជាពលរដ្ឋដែលមានផ្ទះនៅតាមបណ្តោយផ្លូវ២៦៩ បានផ្តល់បទសម្ភាសន៍ដល់ក្រុមព័ត៌មានយើងថា ផ្លូវខាងលើនេះ តែងតែលិចទឹក ពេលភ្លៀងម្តងៗចំនួន៣ទៅ៤ថ្ងៃ ទើបស្រកអស់ តែម្តងនេះប្លែក គឺតាំងពីចាប់ផ្តើមចូលរដូវវស្សាមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ ក៏នៅតែមានទឹកលិចពណ៌ខ្មៅធុំក្លិនស្អុយ និងធ្លាប់មានអាជ្ញាធរសង្កាត់មកប្រមូលលុយស្តារលូជាច្រើនលើក តែដូចជាគ្មានប្រសិទ្ធភាពសោះ។ ពួកគាត់បន្តទៀតថា ម្តងនេះមិនមែនទឹកភ្លៀងទេ គឺជាទឹក ដែលប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពឡរដ្ឋនៅក្នុងភូមិ មិនត្រឹមតែលិចផ្លូវប៉ុណ្ណឹងទេ សូម្បីតែតាមផ្លូវនានា ក្នុងសង្កាត់ទឹកល្អក់៣ មានជង្ហុក ក្រឡុកតូចធំ តាមផ្លូវ១៩២ ក៏មិនដំណោះស្រាយជួសជុលផង។ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរសង្កាត់ខណ្ឌជួយដោះស្រាយបញ្ហាទឹកលិចមានក្លិនស្អុយ ព្រោះវាផ្តល់ផលប៉ះពាល់ដល់សុខភាពមនុស្សជុំវិញទីនោះ។

ពាក់ព័ន្ធនិងបញ្ហាខាងលើលោកចៅរងសង្កាត់ទឹកល្អក់៣បានប្រាប់តាមទូរស័ព្ទថា បញ្ហាប្រព័ន្ធលូបង្ហូរទឹកដែលនៅតាមបណ្តោយផ្លូវ២៦៩ ជាប់របងផ្សារហេងលី គឺខាងអាជ្ញារធរយើងរកដំណោះស្រាយជាច្រើនលើមកហើយ ឥឡូវខាងសង្កាត់បានដាក់សំណើទៅថ្នាក់ខណ្ឌ ដើម្បីពង្រីក និងដាក់ប្រព័ន្ធលូថ្មីឲ្យធំជាងលូចាស់ ចំណែកផ្លូវ១៩២ ដែលមានជង្ហុក ក្រឡុក ខាងខណ្ឌមានគម្រោងចុះមកជួសជុល។

លោក ប៉ាង លីដា អភិបាលរងនៃសាលាខណ្ឌទួលគោក បញ្ហាផ្លូវលិចទឹកនិងមានក្លិនស្អុយ នៅជាប់របងផ្សារហេងលី កំពុងពិភាក្សា ចំណែកផ្លូវ១៩២ជាគម្រោងរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខណ្ឌ៕

មតិយោបល់