ព័ត៌មានជាតិ

លួចបានសម្រេចពីរលើក ញ៉ាមមកលួចម្តងទៀត ត្រូវម្ចាស់គេតាមទាន់រត់ចោលម៉ូតូ

ភ្នំពេញ: សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ បានធ្វើការដកហូតម៉ូតូចំនួន២គ្រឿង យកទៅរក្សាទុក បន្ទាប់ពីជនសង្ស័យពីរនាក់ ជិះយកធ្វើសកម្មភាពគាស់ទ្វារទូរកុងតឺន័រ លួចយកសំបកកង់រថយន្ត តែត្រូវបានម្ចាស់គេទាន់ ទើបជនសង្ស័យនាំគ្នារត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចឃ្លាំងស្តុកសំបកកង់រថយន្តគ្មានយីហោមួយកន្លែង ស្ថិតតាមបណ្ដោយផ្លូវលំខាងក្រោយភោជនីយដ្ឋានយីហោដឹធើរេស ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ។

ម៉ូតូទាំង២គ្រឿងរបស់ក្រុមចោរ ដែលត្រូវបានសមត្ថកិច្ច ដកហូតយកទៅរក្សាទុកទី១ ម៉ាកហុងដាឌ្រីម ស៊េរី០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1R-0824 និងទី២ម៉ាក GPX ពណ៌សលាយក្រហម គ្មានស្លាកលេខ។

តាមប្រភពពីបុរសម្នាក់ មិនបានបញ្ចេញឈ្មោះ ដែលជាម្ចាស់ឃ្លាំង បានរៀបរាប់ប្រាប់ឲ្យដឹងថា ឃ្លាំងរបស់គាត់ខាងលើ គឺគ្មានអ្នកនៅដេកយាមនោះទេ មានតែទូរកុងតឺន័រប្រមាណជាង១០ទូរ ដែលគាត់ច្នៃធ្វើសម្រាប់ដាក់ស្តុកសំបកកង់រថយន្ត នៅខាងក្នុងចាក់សោចោល ដោយមិនដែលមានបញ្ហានោះទេកន្លងមក។

នៅមុនពេលកើតហេតុកាលពីយប់ថ្ងៃទី៧ និងថ្ងៃទី៨ ថ្មីៗនេះ ស្រាប់តែមានក្រុមចោរ បានធ្វើសកម្មភាពផ្លោះរបងចូល ក្នុងឃ្លាំង រួចគាស់សោទ្វារទូរកុងតឺន័រលួចយកសំបកកង់រថយន្តអស់ជាច្រើនគ្រាប់បាន ដោយសុវត្ថិភាពជាបន្តបន្ទាប់។

ដោយលើកទី១ ក្រុមចោរលួចយកសំបកកង់រថយន្តប្រភេទរថយន្តតូចៗអស់ចំនួនជាង១០គ្រាប់និងលើកទី២ក្រុមចោរលួចយកសំបកកង់រថយន្តប្រភេទរថយន្តដឹកដីអស់ចំនួន១០គ្រាប់ សរុបចំនួនសំបកកង់រថយន្ត ដែលត្រូវក្រុមចោរធ្វើសមកម្មលួចយកទៅនោះ គិតជាចំនួនទឹកប្រាក់វិញ គឺអស់ប្រមាណជាង៣០០០ដុល្លារ។

បន្ទាប់ពីកើតមានករណីនេះ ជនរងគ្រោះក៏បានកែច្នៃកន្លែងចាក់សោទ្វារទូរកុងតឺន័របន្ថែម ដើម្បីកុំឲ្យងាយស្រួលចោរធ្វើការលួចគាស់បានសម្រេចទៀត។

ប្រភពដដែលបន្តថា រហូតដល់ល្ងាចថ្ងៃកើតហេតុ ដោយជនរងគ្រោះ បានគិតថា ក្រុមចោរ និងមកធ្វើសកម្មភាពលួចសំបកកង់រថយន្តជាថ្មីម្តងទៀត ទើបជនរងគ្រោះរៀបចំ គម្រោងការដោយធ្វើជាចាក់សោទ្វារទូរកុងតឺន័រ និងទ្វាររបងទុកចោលដូចសពដង ហើយជនរងគ្រោះ ក៏បានយកទូរស័ព្ទមួយគ្រឿង ទៅបង្កប់ទុកនៅក្បែរទូរកុងតឺន័រ ដែលនៅក្នុងឃ្លាំង រួចក៏បានយកទូរស័ព្ទមួយគ្រឿងផ្សេងទៀតតេទៅ ដើម្បីធ្វើជាឧបករណ៍ស្រូបសំឡេង។
បន្ទាប់មកជនរងគ្រោះ ក៏បានទៅអង្គុយស្តាប់ក្នុងរថយន្តរបស់គាត់ ដែលចតនៅឆ្ងាយពីឃ្លាំងស្តុកសំបកកង់រថយន្តខាងលើ ប្រមាណ៥០០ម៉ែត្រ។ លុះដល់វេលាកើតហេតុជនរងគ្រោះ ក៏បានឮសំឡេងឆ្កែព្រូស តាមទូរស័ព្ទដែលជនរងគ្រោះ បានបង្កប់ទុកនៅក្នុងឃ្លាំងរបស់គាត់។

ភ្លាមៗនោះជនរងគ្រោះក៏ប្រញាប់ប្រញាល់ រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ៗ។ មួយសន្ទុះក្រោយមកជនរងគ្រោះ ក៏បានចូលទៅមើលក្នុងឃ្លាំង ស្រាប់តែប្រទះក្រុមជនសង្ស័យចំនួនពីរ កំពុងធ្វើសកម្មភាពគាស់សោទ្វារទូរកុងតឺន័រ ដាក់ស្តុកសំបកកង់រថយន្តខាងលើ។ ខណ:នោះជនសង្ស័យ បានដឹងខ្លួនក៏នាំគ្នាផ្លោះរបងរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែម៉ូតូពីរខាងលើ រួចជាមួយឧបករណ៍ជក់ថ្នាំញៀនមួយកំផ្លេ នៅក្នុងដីឡូត៍ក្បែរកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បានធ្វើការយកម៉ូតូរបស់ក្រុមជនសង្ស័យទាំងពីរគ្រឿង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ដើម្បីធ្វើការស្រាវជ្រាវរកមុខក្រុមជនសង្ស័យ យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់