ឧត្តរមានជ័យៈ រថយន្ដកាមរីកែច្នៃទ្រុង មួយគ្រឿងបើកបរក្នុងល្បឿនលឿនរេចង្កូត ជ្រុលទៅបុកម៉ូតូវេរពេញទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ចំណែកអ្នកបើករថយន្តបង្ករត់គេចបាត់ពីកន្លែងកើតហេតុ។
ហេតុការណ៍បានកើតឡើង កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ម្សិលមិញនេះ នៅលើកំណាត់ផ្លូវជាតិលេខ១៧៤ ត្រង់ចំណុចភូមិថ្មី ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះទី១.ឈ្មោះ រូ ប៊ុនរី ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូរជអង្រែ ឃុំត្រពាំងតាវ ស្រុកអន្លង់វែងរងរបួសធ្ងន់ ទី២.ឈ្មោះ ង៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង រងរបួសបាក់ថ្គាម និងបាក់ជើងខាងឆ្វេង និងជនរងគ្រោះទី៣. មិនស្គាល់អត្តសញ្ញាណបានស្លាប់។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានម៉ូតូ honda Wave មួយគ្រឿងគ្មានស្លាកលេខជិះគ្នា៣នាក់ ក្នុងទិសដៅពីកើតទៅលិច ក៏ស្រាប់តែមានរថយន្តពណ៌ស ម៉ាកកាមរីកែច្នៃទ្រុង ពាក់ស្លាកលេខភ្នំពេញ ២៧១៤ ភព២ មួយគ្រឿងបោះពួយយ៉ាងលឿនក្នុងទិសដៅបញ្ច្រាសទិសគ្នាបានឆ្លងគំនូសមកបុកម៉ូតូពេញទំហឹង រួចគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ច បានទៅដល់វាស់វែងនៅកន្លែងកើតហេតុ បានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកអន្លង់វែង និងមួយចំនួនទៀត តាមចាប់រថយន្តបង្កបានបើករថយន្តរត់គេចពីកន្លែងកើតហេតុ ទុករថយន្តចោល នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ។
បច្ចុប្បន្នកម្លាំងនគរបាលដកហូតវត្ថុតាង យកមកកាន់អធិការដ្ឋាននគរបាលស្រុកអន្លង់វែង និងកំពុងតាមស្រាវជ្រាវរកភាគីបង្ក៕
មតិយោបល់