ព័ត៌មានជាតិ

ស្រវឹងធ្លាក់ភ្នែក បើករថយន្តបុកគូទរថយន្តមួយគ្រឿងទៀត រួចព្យាយាមរត់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ បុរសម្នាក់ស្រវឹងស្រាជោកជាំ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកគូទរថយន្តមួយគ្រឿងទៀត ដែលកំពុងឈប់រង់ចាំស្តុប បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចស្កុបអតីតករង្វង់មូលទួលគោក តាមបណ្តោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ធ្វើដំណើរជាលក្ខណៈគ្រួសារមានគ្នា៥ទៅ៦នាក់ តាមបណ្តោយផ្លូវ២៨៩ក្នុងទិសដៅពីជើងទៅត្បូង។

មកដល់ចំណុចកើតហេតុរថយន្តខាងលើ បានឈប់រង់ចាំស្តុប ខណៈនោះក៏ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាក Volkswagen TIGUAN ពណ៌គ្រាប់អំពិល ពាក់ស្លាកលេខ ភ្នំពេញ 2AD-1637 បើកបរដោយបុរសម្នាក់វ័យប្រហែល៤០ឆ្នាំ មកពីក្រោយក្នុងស្ថានភាពស្រវឹងជោកជាំ ជាមួយល្បឿនយ៉ាងលឿន បុកគូទរថយន្តព្រូសចំពីក្រោយចំហៀងខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរងការខូចខាត។

ភ្លាមៗនោះអ្នកបើកបររថយន្តបង្ក មិនបានឈប់រថយន្ត ចុះមកធ្វើការដោះស្រាយគ្នា តាមសម្រួលនោះទេ បែរជាព្យាយាមបើកបន្ថែមល្បឿនរត់គេចខ្លួន ចេញពីកន្លែងកើតហេតុ។

ខណៈនោះដែរ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានឃើញ រួចក៏ជិះម៉ូតូដេញតាមរថយន្តខាងលើ អស់ជាច្រើនផ្លូវ ក្នុងខណ្ឌទួលគោក ទើបស្ទាក់ឃាត់រថយន្តបង្កបាន នៅត្រង់ចំណុចស្តុបក្តានពីរ តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។

ដោយសារអ្នកបើកបររថយន្តបង្ក មិនព្រមធ្វើការសហការប្រគល់រថយន្ត ទៅឲ្យសមត្ថកិច្ច ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ថែមទាំងធ្វើការវាស់ជាតិអាកុលអ្នកបើកបរនោះ ឃើញថាមានផ្ទុកជាតិអាកុលចំនួន 0.95។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានធ្វើការយករថយន្តទាំងពីរគ្រឿង ខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ជាបន្តទៀត៕

មតិយោបល់