ព័ត៌មានជាតិ

ចុងភៅជនជាតិចិន នៅរោងចក្រអាយឃឺ ស្លាប់យ៉ាងទាន់ហន់

ភ្នំពេញ: បុរសជនជាតិចិនម្នាក់ ស្លាប់បាត់ជីវិត បន្ទាប់ពីភ្ញាក់ពីដំណេក កើតមានអាការ:មិនស្រួលខ្លួន មិត្តភក្ដិដឹកបញ្ជូនយកទៅមន្ទីរពេទ្យ ត្រូវបានគ្រូពេទ្យបញ្ជាក់ប្រាប់ ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបដឹកយកទៅតម្កល់ទុកនៅវត្តស្ទឹងមានជ័យ រួចរាយការណ៍ ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៤និង១៥នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅរោងចក្រ អាយឃឺ ទីតាំងលេខ E-W៩ ផ្លូវលេខ១១៣K ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។

សាកសពឈ្មោះ LIN FENGJIN ភេទប្រុស ឆ្នាំកំណើត២៤ ខែមករា ឆ្នាំ១៩៦៤ ជនជាតិចិន មុខរបរចុងភៅនៅរោងចក្រអាយឃឺ កាន់លិខិតឆ្លង់ដែនលេខE៥ ៨៣៩០១៦៩ ស្នាក់នៅក្នុងរោងចក្រខាងលើ ។

តាមការបំភ្លឺពីឈ្មោះ Wang Changlu ភេទប្រុស អាយុ៤៣ ឆ្នាំ ជាមិត្តភក្តិជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះបានមកធ្វើការ នៅក្នុងរោងចក្រអាយឃឺ ផ្នែកចុងភៅនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ជិត៥ខែមកហើយ ហើយនៅវេលាម៉ោង៤និង១៥នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ជនរងគ្រោះ បានចុះពីបន្ទប់ស្នាក់នៅក្នុងរោងចក្រមកប្រាប់ថា មិនស្រួលខ្លួន រួចក៏យកឡានរបស់រោងចក្រ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែត្រ ពេលទៅដល់គ្រូពេទ្យពិនិត្យ ប្រាប់ថាស្លាប់បាត់ហើយ ទើបដឹកយកមកដាក់សាលតម្កល់សពនៅវត្តស្ទឹងមានជ័យ រាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យ ។

សាកសព ដោយឆ្លងកាត់ការពិនិត្យ កោសល្យវិច័យ ពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ហើយធ្វើការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយជំងឺគាំងបេះដូង រួចតម្កល់ទុក រង់ចាំសម្រេចពីក្រុមគ្រួសារ និងស្ថានទូត ដឹកយកទៅធ្វើបុណ្យឯប្រទេសកំណើត ៕

មតិយោបល់