ព័ត៌មានជាតិ

ជនជាតិបរទេសម្នាក់ដេកស្លាប់នៅប៊ូទិកសូរិយាវ៉ារ៉ា

សៀមរាបៈ នៅវេលាម៉ោង ០៣ និង៥០នាទីទៀបភ្លឺថ្ងៃទី ២៥ ខែមិនា ឆ្នាំ ២០១៩ មានជនបរទេសម្នាក់ដេកស្លាប់ នៅចំនុចបន្ទប់លេខ៤០១ ប៊ូទិកសូរិយាវ៉ារ៉ា ស្ថិតនៅភូមិគ្រួសសង្កាត់ ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

លោក ផេង ពេជ្រ នាយការិយាល័យវិទ្យាសាស្រ្ត និងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ GAOYO NGYAN ភេទប្រុស កើតថ្ងៃទី ១២ កញ្ញា ឆ្នាំ១៩៥១ ជនជាតិចិន ជាភ្ញៀវទេសចរណ៍ ចូលមកប្រទេសកម្ពុជាកាលពីថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៩ តាមច្រកព្រលានយន្តហោះអន្តរជាតិសៀមរាប។

តាមការបំភ្លឺរបស់មិត្តរួមក្រុមក្នុងបន្ទប់ជិតគ្នាលេខ៤០២ ថាជនរងគ្រោះបន្ទាប់ពីហូបបាយល្ងាច រួចមកដល់បន្ទប់គាត់មិនបានគេងទេ គាត់ចេះតែដើរចុះឡើងចេញចូលបន្ទប់ រហូតដល់ម៉ោងប្រហែល ០២យប់ តែក្រោយមកក៏បានរាយការណ៍ទៅប្រធានក្រុមឲ្យមកជួយមើល ជនរងគ្រោះព្រោះគាត់ថាគាត់មិនសូវស្រួលខ្លួនទេ លុះក្រោយមកប្រហែល ០១ម៉ោងទើបប្រធានក្រុមមកដល់។

នៅពេលប្រធានក្រុមមកដល់គាត់ បានបាត់បង់ស្មារតីទៅហើយ បន្ទាប់មកក៏ហៅពេទ្យមកពិនិត្យតែពេទ្យប្រាប់ថាគាត់ស្លាប់ហើយ រួចលោកគ្រូពេទ្យធ្វើកោសល្យវិច័យពិនិត្យលើសរីរាង្គ សពគ្រប់ទីកន្លែងពុំមានស្លាកស្នាមអ្វីគួរកត់សម្គាល់ឡើយ ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរ័ត្ន ជាគ្រូពេទ្យអមតុលាការ សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង (សម្ពាធឈាមឡើងខ្ពស់) ។

ក្រោយពីធ្វើកោសល្យវិច័យ សពត្រូវបានបញ្ជូនមកតម្កល់ទុក បណ្ដោះអាសន្ននៅសាលាតម្កល់សពស្ទឹងមានជ័យរាជធានីភ្នំពេញ ដើម្បីរងចាំការសម្រេចចិត្តរបស់ក្រុមគ្រួសារ និងស្ថានទូត៕

 

មតិយោបល់