ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ធ្វើសកម្មភាពឆក់ទូរស័ព្ទ មិនសម្រេច ត្រូវប្រជាពលរដ្ឋ​….

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានប្រជាពលរដ្ឋ ចាប់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនប្រុសស្រីមួយក្រុម ដែលកំពុងជិះម៉ូតូកង់បីឥណ្ឌា តែមិនបានសម្រេច បណ្តាលឲ្យដួលម៉ូតូជនសង្ស័យ ហើយបានងើបរត់ចោលម៉ូតូ ចូលទៅក្នុងវត្តស្រះចក។

ហេតុការណ៍នេះ កើតទ្បើងវេលាម៉ោង១០ និង១០នាទីយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចវត្តស្រះចក តាមបណ្ដោយផ្លូវ៤៧ កែងនិង៥៣ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះ ចេង នុត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សសាលាជាស៊ីមចំរើនរដ្ឋ នៅគីឡូលេខ១០ សង្កាត់ស្វាយប៉ាក និងកន្លែង ស្នាក់នៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញ ជនរងគ្រោះជាជនជាតិចិន ស្រីប្រុសមួយក្រុម បានជិះកង់បីឥណ្ឌាមួយគ្រឿង បានធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយ៤៧ កំពុងចុចទូរស័ព្ឌ មកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាBeAT ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ1HG-8528 ជិះតាមមកពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ពីដៃជនរងគ្រោះ តែដោយសារជនរងគ្រោះ កាន់ជាប់ក៏ទាញមកវិញ បណ្តាលឲ្យដួលម៉ូតូរបស់ជនសង្ស័យ ភ្លាមៗនោះជនសង្ស័យ ក៏បានរត់គេចខ្លួនចោលម៉ូតូ ចូលទៅក្នុងវត្តស្រះចក ហើយត្រូវបានប្រជាពលរដ្ឋដេញចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកជនរងគ្រោះជាជនជាតិចិន បានជិះកង់បី ចេញពីកន្លែងកើតហេតុ បាត់ស្រមោល។

ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រង់ចាំបញ្ជូនបន្តកទៅតាមនីតិវិធីច្បាប់៕

មតិយោបល់