ភ្នំពេញៈ យុវជនបីនាក់បើកបរលុចស៊ីស RX៣០០មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូង បណ្ដាលឲ្យរងការខូចខាតអស់ជាច្រើនកង់ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភាឆ្នាំ២០១៩ ត្រង់ចំណុចខាងលិចស្តុបផ្សារដើមគ ប្រមាណ៣០ម៉ែត្រ តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ យុវជនបីនាក់ បើករថយន្តម៉ាកលុចស៊ីសRX300 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2N-1823 ធ្វើដំណើរពីកើតទៅលិចតាមបណ្ដោយផ្លូវ២១៧ ក្នុងល្បឿនយ៉ាងលឿន។
លុះមកដល់ចំណុចកើតហេតុ ដោយអ្នកបើកបរ ខ្វះការប្រុងប្រយ័ត្ន ក៏បានជ្រុលចង្កូតទៅរបាំងថ្ម ពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យវៀចអស់ចំនួន៤កង់។ ចំណែករថយន្តបង្ក បានរងការខូចខាតក្រពឹត និងបែកកង់ផ្នែកខាងឆ្វេង។
ភ្លាមៗនោះអ្នកបើកបររថយន្តបង្ក បានព្យាយាមបើករត់គេចខ្លួន ចេញពីកន្លែងកើតហេតុ ទៅឈប់សំងំប្តូរកង់នៅតាមបណ្ដោយផ្លូវ២៤៧ ក្បែរកែងនិងផ្លូវ៣៣៦ ក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ធ្វើការជិះល្បាតប្រទះឃើញ រួចក៏ឃាត់ខ្លួនបានភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ ក៏បានចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕
https://www.youtube.com/watch?v=MupQFwxJ4Ls
មតិយោបល់