ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌព្រែកព្នៅបង្ក្រាបជនសង្ស័យ៤នាក់ រួមនិងថ្នាំញៀន ៣កញ្ចប់

ភ្នំពេញៈ ជនសង្ស័យ៤នាក់ រួមទាំងថ្នាំញៀន៣កញ្ចប់ ត្រូវបានសមត្ថកិច្ចខណ្ឌព្រែកព្នៅ ឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង២និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចស្ពានព្រែកព្នៅ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

លោក ឌិន សារ៉ាតុម អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌព្រែកព្នៅ បានឲ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌបានធ្វើការជិះល្បាតនៅក្នុងភូមិសាស្ត្រ ដល់ចំណុចស្ពានព្រែកព្នៅ ក៏បានប្រទះឃើញជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឡេត ស៊េរី២០១៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FB-4535 ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌ ក៏បានហៅឲ្យឈប់រួចធ្វើការត្រួតពិនិត្យឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា២កញ្ចប់ ជាប្រភេទម៉ាទឹកកក ស្រាប់តែនៅថ្ងៃដដែល វេលាម៉ោង ២និង៣០នាទីយប់ ក៏បានប្រទះឃើញជនសង្ស័យ២នាក់ផ្សេងទៀត ជិះម៉ូតូមួយគ្រឿង ម៉ាកគុបមូល ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ តាកែវ 1D-1131 រួចធ្វើការត្រួតពិនិត្យឆែកឆេររកឃើញនៅម្សៅក្រាមពណ៌(ស)ថ្លា១កញ្ចប់ ជាប្រភេទ ម៉ាទឹកកក ក្រោយមកកម្លាំងសមត្ថកិច្ចអន្តរាគមន៍បានឃាត់ខ្លួនយកមកអធិការនគរបាលខណ្ឌ ដើម្បីធ្វើការសាកសួរ។

លោក ឌិន សារ៉ាតុម បានបន្តទៀតថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះ ទី១.ឈ្មោះ ឈុំ ភារៈ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ បើកឡានដឹកខ្សាច់ ស្នាក់នៅភូមិឌួង ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ, ទី២. ឈ្មោះ ថា វិន ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ កម្មករបូមខ្សាច់ ស្នាក់នៅដេប៉ូខ្សាច់គីឡូលេខ១០ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ, ទី៣.ឈ្មោះ ភន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅភូមិជ្រៃលាស់ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និងទី៤.ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិតាតូច ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល រួចទាំងបានដកហូតម៉ូតូ២គ្រឿង។

បើតាមការឆ្លើយសារភាពពីជនសង្ស័យទាំង៤នាក់ បាននិយាយប្រាប់ថា ពួកគេទាំង ៤នាក់ខ្លះទៅទិញថ្នាំញៀននៅផ្លូវរថភ្លើង ម្តុំរោងចក្រឆ្នាំង ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ចំណែកឯ២នាក់ទៀតនិយាយថា ទិញមកពីម្តុំភូមិស្វាយប៉ាក ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយពួកគេទាំង ៤នាក់ ខ្លះទិញ ១កញ្ចប់តម្លៃ ៣ម៉ឺនរៀល ខ្លះទៀតទិញ ២កញ្ចប់តម្លៃ ៥ម៉ឺនរៀល ។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតីវិធីច្បាប់៕

https://youtu.be/jOLBNyAdLAw

https://youtu.be/AOXMkhkRy5U

មតិយោបល់