ព័ត៌មានជាតិ

ពលរដ្ឋព្រួយបារម្ភចោរលួច ចោរឆក់ ក្នុងខណ្ឌច្បារអំពៅ សូមលោកអធិការជួយទប់ស្កាត់ផង..

ភ្នំពេញៈ តាមប្រភពពីប្រជាពលរដ្ឋ បានរាយការណ៍ប្រាប់សារព័ត៌មាន Post News ថា មានករណីជនសង្ស័យចំនួន ២នាក់ បានធ្វើសកម្មភាពគាស់ និងកាត់សោផ្ទះរបស់គាត់ ដើម្បីចូលលួចយកទ្រព្យសម្បត្តិក្នុងផ្ទះ ប៉ុន្តែសំណាងល្អ ម្ចាស់មកទាន់ ជនសង្ស័យក៏នាំគ្នារត់បាត់អស់ទៅ។

សម្ភារបន្សល់ទុក៖ មេសោដាច់ចំនួន ១ ខណៈមេសោចំនួន ២ទៀត ត្រូវបានជនសង្ស័យយកទៅបាត់។

កើតហេតុកាលពីវេលាម៉ោង ១ រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦៤៤ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ គ្រាន់តែទៅឈរនៅមុខផ្ទះប្រជាពលរដ្ឋប៉ុណ្ណោះ រីឯម្ចាស់ផ្ទះបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ។

ពលរដ្ឋសំណូមពរដល់លោក អេម សារ៉ាវុធ អធិការនគរបាលខណ្ឌច្បារអំពៅ មេត្តាជួយជំរុញមន្ត្រីក្រោមឱវាទ ដែលស្ថិតនៅក្រោមការគ្រប់គ្រង ក្នុងមូលដ្ឋានរបស់លោក ជាពិសេសប៉ុស្តិ៍នីមួយៗ ឲ្យជួយល្បាតទាំងយប់ទាំងថ្ងៃ កុំឲ្យមានមន្ត្រីប៉ូលិសខ្លះ ចេញល្បាតតែមួយភ្លែត ហើយក្បាលព្រលប់មិនទាន់ ចូលប៉ុស្តិ៍វិញបាត់។

គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ ក្នុងខណ្ឌច្បារអំពៅ មានករណីចោរលួច ចោរឆក់សម្បូរហូរហែល ហើយកាលពីពេលថ្មីៗនេះ មានករណីមន្ត្រីប៉ូលិសព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ បានផ្ទុះអាវុធអស់ជាច្រើនគ្រាប់ នៅក្បែរអធិការខណ្ឌ ហាក់បីដូចជាមិនខ្លាចសមត្ថកិច្ច ទាល់តែសោះ ធ្វើឲ្យពលរដ្ឋក្នុងខណ្ឌច្បារអំពៅ មានការភ្ញាក់ផ្អើល ព្រួយបារម្ភពីបញ្ហាខាងលើនេះ សង្ស័យតែ លោក អេម សារ៉ាវុធ អធិការខណ្ឌច្បារអំពៅ រវល់ការងារមមាញឹកច្រើន ភ្លេចដាក់វិធានការទប់ស្កាត់ភូមិឃុំសុវត្ថិភាពហើយ៕

មតិយោបល់