ព័ត៌មានជាតិ

ពិតជាគ្រោះថ្នាក់ណាស! រកឃើញ មី MAX Gold ទឹកសារ៉ូរូបសេក ខូចគុណភាព

កំពង់ចាមៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពង់ចាម ដោយមានកិច្ចសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារចំការលើ ស្ថិតនៅក្នុងឃុំស្វាយទៀត ស្រុកចំការលើ ខេត្តកំពង់ចាម។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោម នៅលើសំបកវេចខ្ចប់ផលិតផល ម្ហូបអាហារផងដែរ។ គោលបំណងនៃការត្រួតពិនិត្យគឺ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផលទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់មានរួមមាន៖ មី MAX Gold ចំនួន ៤៩ កញ្ចប់, ទឹកសារ៉ូរូបសេកចំនួន ១១ ដប និងទឹកផ្លែកឈើម៉ាក Pepper Mint ចំនួន ២៩ ដប។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីកាំកុងត្រូល បានធ្វើកំណត់ហេតុដកហូតរក្សាទុក ដុតកម្ទេចចោល នៅពេលក្រោយ និងបានឱ្យតំណាងម្ចាស់ផលិតទំនិញ ធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញ ហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោល នឹងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់