ព័ត៌មានជាតិ

ឃាត់ខ្លួនយុវជន២នាក់ពាក់ព័ន្ធរក្សាទុកគ្រឿងញៀន

ភ្នំពេញ: យុវជន២នាក់ត្រូវបានកម្លាំងអន្តារាគមន៍ខណ្ឌសែនសុខធ្វើការឃាត់ខ្លួនយកមកសាកសួរ ខណ:ដែលត្រួតពិនិត្យឃើញ​មានរក្សាទុកគ្រឿងញៀនប្រភេទក្រាមសថ្លាចំនួន០១កញ្ចប់ថង់ធំជាប់ខ្លួន។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១និង ៣០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ២៧១ ក្រុម២០ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ ទី១ឈ្មោះ ឈីន សុរិទ្ធិកា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរចុងភៅ ស្នាក់នៅ​ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ និងជនសង្ស័យទី២ឈ្មោះ ទិត្យ វណ្ណឌី ភេទប្រុសអាយុ២២ឆ្នាំ មុខរបរលាងម៉ូតូ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ក្នុងនោះដែរ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់ធំ និងម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BQ-1092។

សមត្ថកិច្ចបានបន្តឲ្យដឹងថា មុននឹងឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យខាងលើ ខណ:កម្លាំងអន្តារាគមន៍ខណ្ឌសែនសុខកំពុងល្បាត​នៅគោល​ដៅខាងលើស្រាប់តែឃើញជនសង្ស័យទាំង២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ឌុបគ្នា ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ឲ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យស្រាប់តែបានឃើញថ្នាំញៀនចំនួន០១កញ្ចប់ថង់ធំនៅក្នុងហោប៉ៅខោខាងស្តាំឈ្មោះ ឈីន សុរិទ្ធិកា ក៏ឃាត់យកមកសាក​សួរ​តែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាថ្នាំនេះពិតជារបស់ខ្លួនមែនដោយពួកខ្លួនបានទិញគោលបំណងយកទៅប្រើប្រាស់ប៉ុណ្ណោះ។ បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការឃុំខ្លួន បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំ​រឿង​បញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់