កំពង់ចាមៈ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៥៨នាទី មានករណីរន្ទះបាញ់មនុស្សស្លាប់ នៅខាងលិចភូមិព្រីងជ្រុំ ម្ដុំទួលក្រឡាញ់ ខេត្តកំពង់ចាម។
ជនរងគ្រោះមានឈ្មោះ លេខ លេខា ភេទស្រី អាយុ ២៨ឆ្នាំ (ស្លាប់) មានទីលំនៅភូមិត្រពាំងទឹម ឃុំព្រឹងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានដើរនៅលើភ្លឺស្រែ ដើម្បីទៅព្រួសស្រូវនៅកន្លែងកើតហេតុ ខណៈដែលមេឃកំពុងមានភ្លៀងរលឹម ស្រាប់តែមានផ្លេកបន្ទោរកើតជារន្ទះបានបាញ់មកចុះជនរងគ្រោះ បណ្ដាលឲ្យដួកផ្កាប់មុខស្លាប់តែម្ដង រំពេចនោះ ឪពុកឃើញដូច្នេះ ក៏រត់ទៅមើលកូនតែអកុសលដាច់ខ្យល់ស្លាប់បាត់ទៅហើយ បន្ទាប់មកឪពុកបានទូរស័ព្ទឲ្យបងប្អូនទៅជួយយកសាកសពមកដល់ផ្ទះ និងរាយការណ៍ជូនសមត្ថកិច្ច ចុះត្រួតពិនិត្យធ្វើកោសល្យវិច័យ។
ករណីនេះ មានការចូលរួមពីលោក មេឃុំ នាយប៉ុស្តិ៍ និង ពេទ្យមណ្ឌលសុខភាពឃុំព្រីងជ្រុំ បានពិនិត្យសាកសពបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ពិតប្រាកដមែន ក្រោយមកបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់