ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយដឹក AX ខ្ពស់ពេក ទៅទាក់ខ្សែភ្លើង បណ្ដាលឲ្យដាច់បាក់បង្គោលភ្លើង២ដើម

ភ្នំពេញៈ រថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹក AX កាយដីមួយគ្រឿង បានបើកបរចូលពេលយប់ព្រលប់ មិនប្រយ័ត្នក៏ទាក់ខ្សែភ្លើង បណ្ដាលឲ្យដាច់បាក់បង្គោលភ្លើងអស់២ដើម កាលពីវេលាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ នៅក្បែរប្រឡាយលូទឹកស្អុយបឹងសាឡាង តាមបណ្ដោយផ្លូវលេខ៣៣៦ កែងនិងផ្លូវលេខ២៥១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ ដំបូងរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខភ្នំពេញ 3B-5678 ដែលបានដឹកAXកាយដី ដ៏ធំមួយ បានធ្វើដំណើរពីផ្លូវម៉ៅសេទុង មកផ្លូវលេខ៣៣៦ ទិសដៅពីកើតមកលិច ខណៈមកដល់ចំណុចកើតហេតុ កែងផ្លូវលេខ២៥១ ដោយតៃកុងរថយន្តបង្កមិនប្រយ័ត្ន បានបើកទាក់ខ្សែភ្លើង បណ្ដាលឲ្យដាច់ និងបាក់បង្គោលភ្លើងអស់២ដើម ហើយធ្លាក់ខ្សែភ្លើងពេញផ្លូវ ធ្វើឲ្យផ្ទះពលរដ្ឋជាច្រើនខ្នងដាច់ភ្លើងហើយងងឹត ព្រមទាំងពិបាកដល់ប្រជាពលរដ្ឋ ឆ្លងកាត់ទៅវិញទៅមកផងដែរ ។

ក្រោយកើតហេតុភ្លាមៗ រថយន្តបង្កបានបន្តដំណើរ ទៅមុខប្រហែល១០០ម៉ែត្រ បម្រុងបើកគេច តែត្រូវបានប្រជាពលរដ្ឋឃាត់ជាប់ និងទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកធ្វើការត្រួត្យពិនិត្យ ព្រមទាំងមានសមត្ថកិច្ចជំនាញចរាចរណ៍ មកធ្វើការវាស់វែងយករថយន្តបង្កខាងលើ ទៅរក្សាទុកការរិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់