ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ រួមដំណើរនិងប្រុសស្រី៥នាក់ទៀត បានបើករថយន្ត ដល់ផ្លូវបំបែកជាបួនមិនបង្អង់ល្បឿន ជ្រុលទៅបុករថយន្តហ៊ីយ៉ាន់ដាយស្តារ៉ិច ពេញទំហឹង រួចទូរស័ព្ទហៅបក្ខពួកមកដេញវាយបុរសជនជាតិចិនម្នាក់ ផ្អើលពេញផ្លូវ កាលពីវេលាម៉ោង១២ និង៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែឧសភាឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣៦០ កែងនិងផ្លូវ៩៥ ក្នុងសង្កាត់បឹងកែងកង២ ខណ្ឌចំការមន។
តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការន៍ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិម្នាក់ រួមដំណើរនិងប្រុសស្រី៥នាក់ទៀត បានបើករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ H-1 ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2AZ-3693 ធ្វើដំណើរពីត្បូងទៅជើងតាមបណ្តោយផ្លូវ៩៥ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ផ្លូវបែកជាបួនមិនបង្អង់ល្បឿន បានជ្រុលបុករថយន្តមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយស្តារ៉ិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AO-3376 បើកបរដោយបុរសជនជាតិចិនម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ៣៦០ ទិសដៅពីកើតលិចចំពាក់កណ្តាលពេញទំហឹង បណ្តាលរថយទាំងពីរគ្រឿង ខូចខាតយ៉ាងដំណំដូចគ្នា ខណៈនោះភាគីខាងជនជាតិចិនប្រុសស្រី៦នាក់ ជិះរថយន្តហ៊ីយ៉ាន់ដាយH-1 បានទូរស័ព្ទហៅបក្ខពួកបន្តែមទៀត មកកន្លែងកើតហេតុ រួចបានដេញវាយទៅលើបុរសជនជាតិចិនម្នាក់ ជិះរថយន្តហ៊ីយ៉ាន់ដាយស្តារ៉ិច បណ្តាលឲ្យរងរបួសផងដែរ។ ក្រោយពីបានបង្កហិង្សា រួចខាងភាគីជនជាតិចិនប្រុសស្រី៦នាក់ បាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់។
ក្រោយកើតហេតុគេឃើញភាគីជនជាតិចិនទាំងសងខាង បានហៅបក្ខពួកចុះមកកន្លែងកើតហេតុរៀងៗខ្លួន បម្រុងបង្កហិង្សាដាក់គ្នាបន្ថែមទៀត តែដោយមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញ បានធ្វើការហាមឃាត់ ទើបបុរសជនជាតិចិនទាំងពីរក្រុម បានបែកផ្លូវគ្នារៀងៗខ្លួន នៅសល់តែរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយករថយន្ត យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំឲ្យភាគីទាំងសងខាងចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់