បាត់ដំបងៈ ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី លោក អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោក ជេត វណ្ណនី ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៨និង៣០នាទី នៅចំណុចបូរីគុយហ្សេ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញសហការជាមួយ ក្រុមអន្តរាគមន៍ បង្ការបង្រ្កាបចុះប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹង ករណីអំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) ។
ជនសង្ស័យទាំង០៣នាក់មានឈ្មោះ៖
១/ សុខ លាងឆាយ ភេទប្រុស អាយុ ១៤ឆ្នាំ រស់នៅភូមិរំចេក២ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង។
២/ ឯក ពេជ្រវិសាល ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង។
៣/ ព្រំ សុផាត់តាណា ហៅ មិច ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិកន្ទឺ២ ឃុំកន្ទឺ ស្រុកបាណន់ ខេត្តបាត់ដំបង ។
ជនរងគ្រោះឈ្មោះ ប៊ី សាវឌី ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង កាលពីវេលាម៉ោង ១និង១០នាទី រំលងអាធ្រាតថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមុខហាងយីហោ (ហូលីវូត) ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុង/ខេត្តបាត់ដំបង ។
សម្ភារៈដែលបានបាត់បង់មាន៖
– ទូរស័ព្ទដៃមួយគ្រឿងម៉ាក iphone8 ពណ៌ផ្កាឈូក ០១គ្រឿង
– កាបូបស្ពាយពណ៍ខ្មៅ ០១
វត្ថុតាងដកហូតរួមមាន៖
– ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ បាត់ដំបង1AC-3459 លេខតួម៉ាស៊ីន៥១៩៣៧២៦
ក្រោយឃាត់ខ្លួនការិយាល័យជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់