ព័ត៌មានជាតិ

ខឹងប្តីឆក់ទូរស័ព្ទ យំរហាមរត់ទៅប្តឹងប៉ូលិស

ភ្នំពេញៈ ស្ត្រីវ័យក្មេងម្នាក់ បានយំរហាម ក្នុងទឹកមុខស្លន់ស្លោ មកកាន់ប៉ុស្តិ៍ប៉ូលិស ធ្វើឲ្យមានការងឿងឆ្ងល់ មិនដឹងមានវិប្បត្តិ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅប៉ុស្តិ៍នគរបាលចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

នារីខាងលើ មិនហ៊ានប្រាប់ឈ្មោះឲ្យស្គាល់ មានអាយុ២១ឆ្នាំ ជាកម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ឯខេត្តបាត់ដំបង ។ ចំណែកប្តីឈ្មោះ ភាព សុភ័ក្ត្រា អាយុ៣២ឆ្នាំ មុខរបរគ្មាន បច្ចុប្បន្នរត់ទៅសំងុះសោយសុខផ្ទះម្តាយឯភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានកូនម្នាក់ អាយុ២ឆ្នាំ ។

តាមការយំរៀបរាប់ ស្ត្រីខាងលើ បានឲ្យដឹងថា ពួកគេទាំង២នាក់ រៀបការនិងគ្នាអស់រយៈពេលជាង៣ឆ្នាំមកហើយ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ទេ ហើយមួយរយៈនេះ ដោយសារប្តី ដើរលេងល្បែង ផឹកស៊ីដាច់យប់ សោះអង្គើយក្នុងគ្រួសារ លែងផ្តល់ភាពកក់ក្តៅដូចគ្រាដើម ដោយនាង និងប្ដី ធ្លាប់ទៅដាក់ពាក្យប្ដឹងលែងលះគ្នាម្ដងរួចមកហើយ តែសមត្ថកិច្ច អាជ្ញាធរ បានត្រឹមតែផ្សះផ្សារ សម្របសម្រួលប្តីប្រពន្ធប៉ុណ្ណោះ។

យ៉ាងណាមិញដោយសារភាគីខាងប្តី នៅតែមិនកែគំនិត អត់ផ្តល់ភាពកក់ក្តៅដល់នាងដដែល រស់នៅទីទៃពីគ្នា ប្តីនៅឯភូមិចំការឪឡឹក២ សង្កាត់កាកាប២ រីឯនាងជាប្រពន្ធនៅឯ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ រហូតមកដល់យប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលនាងចេញក្រៅបន្ទប់ ប្តីលួចចូលសំងំកៀនទ្វាររង់ចាំ គ្រាន់តែនាងចូលបន្ទប់ លោកប្តីចាប់ឆក់យកទូរស័ព្ទ ហើយគេចទៅបាត់ ទើបធ្វើឲ្យនាងខឹង បម្រុងទៅប្តឹងនៅសង្កាត់កាកាប២ ដែរ តែកន្លងមក ចូលម្តងហើយ ទើបនៅព្រឹកថ្ងៃទី២៥ នេះមកចូលប៉ុស្តិ៍ចោមចៅ៣វិញម្តង ក្នុងបំណងឲ្យប៉ូលិសចាប់ប្តីដាក់គុក ។

តាមសម្តីនិយាយ របស់ស្ត្រីខាងលើ កុំថាឡើយប៉ូលិស សូម្បីអ្នកសារពត៌មាន ប្រជាពលរដ្ឋ លាន់មាត់គ្រប់គ្នា ដល់ម្លឹងផង ។ ដោយពលរដ្ឋ មានទុក្ខលំបាក ខំមករកប៉ូលិសឲ្យជួយរកដំណោះស្រាយហើយ តែបែរនគរបាលប៉ុស្តិ៍ចោមចៅ៣ ហៅសាកសួរ និងផ្តល់ដំបូន្មាន ហើយប្ដីប្រពន្ធនិយាយសម្របសម្រួលគ្នា បញ្ឈប់រឿងទៅវិញ៕

មតិយោបល់