ព័ត៌មានជាតិ

ជនជាតិចិនម្នាក់ សង្ស័យចាញ់បោកមេខ្យល់ អស់លុយ អស់ឯកសារពីខ្លួន ដើររសាត់អណ្តែតតាមផ្លូវ

ភ្នំពេញ: ជនជាតិចិនម្នាក់ ត្រូវបានគេប្រទះឃើញ ដើរតាមផ្លូវ មានតែបង្វិចខោអាវ អស់លុយ គ្មានឯកសារជាប់តាមខ្លួន មានតែកាតមួយសន្លឹក សង្ស័យតែចាញ់បោកមេខ្យល់ នាំចូលមកកម្ពុជា ហើយបោកយកលុយអស់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅអង្គុយតាមផ្លូវរថភ្លើង មុខវត្តត្រពាំងឈូក កាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅមហាវិថី ឈ្នះ ឈ្នះ ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសជនជាតិចិនខាងលើ អាយុ៣០ឆ្នាំ តាមដែលពលរដ្ឋ អ្នកចេះភាសារ ខ្លះៗសាកសួរ ជនជាតិចិនរូបនេះ ទើបចូលមកប្រទេសកម្ពុជា បាន៣ថ្ងៃ ជាមួយអ្នកស្គាល់គ្នា តាមច្រកព្រលានយន្តហោះពោធិ៍ចិនតុង ហើយត្រូវបាន អ្នកស្គាល់ នាំមកឆបោកយកកាបូបលុយ ដោយទាំងលិខិតឆ្លងដែន ហើយគេចខ្លួនបាត់ ធ្វើឲ្យរូបគេមិនដឹងទៅណា គ្មានលុយជាប់ខ្លួនផង ។

យ៉ាងណាមិញ គេនៅមិនទាន់អាចសន្និដ្ឋានបានទេថា វាជាការពិតឬយ៉ាងណាទេ ព្រោះកន្លងមកក៏មានជនជាតិចិនមួយចំនួន ប្រើល្បិចថា គាត់មានមេខ្យល់ នាំមកឆ្លងកាត់ប្រទេសវៀតណាម គ្មានលិខិតឆ្លងដែនទេ បានលួចចូលមកប្រទេសកម្ពុជា ប្រើល្បិចមួយ ដើរប្តឹងប៉ូលិស ថាគាត់បាត់ ឬចាញ់បោកគេ អស់ទាំងខិលិតឆ្លងដែនហើយ ជាឱកាសមាសមួយ អាចជ្រកកោនស្រុកខ្មែរបានបាត់ហើយ ។

ជនជាតិចិនខាងលើ ត្រូវសមត្ថកិច្ចនាំទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តែខាងនាយកដ្ឋាន មិនទទួលយក តម្រូវអនុវត្តការងារតាមឋានានុក្រម រង់ចាំសម្រេចពីការិយាល័យជំនាញក្រុងភ្នំពេញ ជាមុនសិន ទើបសមត្ថកិច្ចមូលដ្ឋាននាំជូនគាត់ ទៅអង្គុយសំចតនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យជាបណ្តោះអាសន្ន៕

មតិយោបល់