ព័ត៌មានជាតិ

នារីស្រស់ម្នាក់ស្រវឹងស្រា បើករថយន្តបុករះរបងស័ង្កសី និងបង្គោលភ្លើងស្តុប រងការខូចខាត

ភ្នំពេញ: នារីស្រស់សោភាម្នាក់ស្រវឹងស្រា បានបើករថយន្តPRIUSមួយគ្រឿង យ៉ាងលឿនជ្រុលទៅបុករះរបងស័ង្កសី និងបង្គោលភ្លើងស្តុប បណ្ដាលឲ្យរថយន្តផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២ និង១០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃច័ន្ទទី២៧ ខែឧសភាឆ្នាំ២០១៩ ជិតរង្វង់មូលនាងគង់ហ៊ីង នៅតាមបណ្ដោយផ្លូវលេខ១៦៩ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីស្រស់សោភាម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា បានបើករថយន្តមួយគ្រឿង ម៉ាកPRIUS ពណ៌ឈាមជ្រូក ពាក់ស្លាកភ្នំពេញ2AX-2541 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្ដោយផ្លូវលេខ១៦៩ លុះមកដល់ចំណុចកើតហេតុ ដោយរថយន្តបើកលឿន បួងចង្កូតមិនទាន់ក៏ជ្រុលបុករះរបងស័ង្កសី និងបង្គោលភ្លើងស្តុប បណ្ដាលឲ្យរថយន្តផ្ងារជើងម្ខាង ទៅមុខលែងរួច រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ភ្លាមៗនោះនារីស្រស់សោភាខាងលើ ត្រូវបានអ្នកបើកកង់បី ជួយទាញយកចេញមកក្រៅ រួចរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយទៅតាមផ្លូវច្បាប់៕

មតិយោបល់