ព័ត៌មានជាតិ

ដេកនៅជួយគ្នា១យប់មិនអី ចូលយប់ទី២ ហៅបងប្អូនមកព័ទ្ធចាប់ ប្តឹងចោទប្រកាន់តែម្តង

ភ្នំពេញៈ គូរស្នេហ៍មួយគូ ស្រុះស្រួលគ្នាចូលដេកផ្ទះសំណាក់ យប់ទី១នឹកថា ផ្អែមមាត់ហើយ គ្មានឧបសគ្គអ្វីមករារាំង ស្រាប់តែចូលដល់យប់ទី២ ពុទ្ធោ ! ដូចរៀបគម្រោងទុក បងប្អូនសាច់ញាតិមកដល់ល្មម ខាងស្រីប្តឹងចោទប្រកាន់ថា ប៉ុនប៉ងរំលោភទៅវិញ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅបន្ទប់ផ្ទះសំណាក់ ក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ជនជាប់ចោទក្នុងរឿងស្នេហាមួយនេះ ឈ្មោះ ផុន លីផេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកនារីដើមបណ្តឹងឈ្មោះ ឃ ស.ទ អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលខណ្ឌពោធិ៍សែនជ័យ ។

តាមភាគីខាងប្រុស បានឲ្យដឹងថា ពួកគេស្រឡាញ់គ្នា ជាសង្សារ អនាគតគ្រោង នឹងហៅចាស់ទុំចូលស្តីដណ្តឹង ហើយការទំនាក់ទំនងសម្ព័ន្ធភាពស្នេហ៍ ស្អិតរមួត ដោយនៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ អ្នកទាំង២នាំគ្នា បាននាំគ្នាចូលដេកផ្ទះសំណាក់ម្តងហើយ គ្មានឧបសគ្គអ្វីកើតឡើង លុះចូលដល់យប់ទី២ នៅវេលាម៉ោង៦ និង៣០នាទីព្រលប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ បបួលនាងទៅកន្លែងដដែល ហើយនារីខាងលើ ក៏យល់ព្រមទៅជាមួយ មិនទាន់បានសម្រេចផង សាច់ញាតិ បងប្អូន ស្រីនួនល្អង ទៅដល់បន្ទប់ល្មម ហាក់បីដូចជារៀបគម្រោងទុកអ៊ីចឹង ព័ន្ធចាប់ប្តឹងចោទប្រកាន់ ថាប៉ុនប៉ងរំលោភទៅវិញ ចុះនៅយប់ទី១មិនប្តឹង មកប្តឹងលើកទី២នេះទៅវិញ ដូចជាឈុតឆាករៀបទុក ។

ករណីប្រុសប្រកែក ស្រីប្រកាន់ខាងលើ បន្ទាប់ពីមានបណ្តឹងពីក្រុមគ្រួសារខាងស្រី សមត្ថកិច្ចឃាត់ខ្លួនយុវជនខាងលើ សាកសួរនៅប៉ុស្តិ៍ចោមចៅ១ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌ បន្តតាមនីតិវិធី ។

តាមមតិមហាជនលើកឡើងថា វាមិនដែលដេកនៅជាមួយគ្នាមួយយប់ មិនប្តឹង ចូលដល់យប់ទី២ គេបបួល ទៅតាមគេដែរ សង្ស័យរួមគំនិតគ្នាជាមួយសាច់ញាតិ រៀបគម្រោង ប្តឹងចោទប្រកាន់តែម្តង ដូចពេកទេដឹង ៕

មតិយោបល់