ព័ត៌មានជាតិ

កម្ពុជា នឹងមានវត្តមានរោងចក្រផលិតវ៉ាក់សាំងនៅពេលឆាប់ៗនេះ!

ប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា ប្រទេសកម្ពុជានឹងមានវត្តមានរោងចក្រផលិតវ៉ាក់សាំងនៅពេលឆាប់ៗនេះ ដើម្បីធានាប្រភពផ្គត់ផ្គង់វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាពលរដ្ឋ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃសរុបជាង៩៦លានដុល្លារ នាព្រឹកថ្ងៃទី០៦ខែធ្នូឆ្នាំ ២០២១ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ខាងក្រុមហ៊ុនរវាងប្រទេសទំាង២កម្ពុជាចិនបានចុះ ហត្ថលេខារួចហើយ ក្នុងការផលិតវ៉ាក់សាំងកូវីដនៅក្នុងស្រុកខ្មែរ ដើម្បីធានាថាមិនខ្វះខាតវ៉ាក់សាំងដែលជាយុទ្ធសាស្រ្ដក្នុងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

« និយាយជាមួយឯកឧត្តម វ៉ាង វិនធាន ថាសូមស្នើទៅឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងឯកឧត្តមលីភីជិន សូមឱ្យមានការផលិតវ៉ាក់សាំងកូវីដនៅក្នុងស្រុកខ្មែរ ឥឡូវបានទទួលការគាំទ្រពីខាងរាជរដ្ឋាភិបាលផង ពីក្រុមហ៊ុនផង ហើយខាងក្រុមហ៊ុននិងក្រុមហ៊ុនបានចុះហត្ថលេខាជាមួយគ្នាហើយ។ អ៊ីចឹងបន្តិចទៀតកង្វះវ៉ាក់សាំងដែលយើងកំពុងតែកង្វល់ យើងនឹងមានវ៉ាក់សាំងផ្គត់ផ្គង់ខ្លួនឯង ប៉ុន្តែក៏ត្រូវត្រៀមលុយទិញដែរមិនមែនទៅយកទទេបានទេ សូមប្រាប់ឱ្យហើយ គ្រាន់តែយើងធានាថាមានវ៉ាក់សាំងផលិតនៅក្នុងទឹកដីរបស់យើង ដែលយើងអាចទិញយកមកប្រើ ប្រាស់ ហើយអាចនឹងតម្លៃធូរជាងរដ្ឋទាំងមិនចាំបាច់ដឹក ជញ្ជូនផ្លូវឆ្ងាយ ហើយយើងមានប្រភព មិនដឹងថាកូវីដវាចប់នៅពេលណាទេ»។

ឯកឧត្តម វ៉ាង វិនធាន អគ្គរដ្ឋ ទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ដែរថា ពេលនេះក្រុម ហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន កំពុងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រសួង សុខាភិបាលកម្ពុជា ដើម្បីសិក្សា និងស្រាវជ្រាវក្នុងការ ផលិតវ៉ាក់សាំងនៅកម្ពុជា ហើយនៅក្នុងឆ្នាំក្រោយ ប្រជាជនកម្ពុជានឹងអាចប្រើ ប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលផលិតនៅក្នុងប្រទេសតែម្តង៕

មតិយោបល់