ភ្នំពេញៈ នៅវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ កម្លាំងអន្តរាគមន៍ខណ្ឌដង្កោ សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រៃស បានធ្វើការឡោមព័ទ្ធស្ទាក់ចាប់ក្រុមក្មេងទំនើង ដែលជាសិស្សសាលាគេចមកប្រមូលផ្តុំគ្នា បង្ហោះម៉ូតូបង្អួតគ្នាឌីដងជាក្រុមមួយផ្សេងទៀត បង្កឲ្យមានការភិតភ័យដល់អ្នករស់នៅក្នុងបុរីពិភពថ្មីចំការដូង
ស្ថិតនៅផ្លូវវេតុងលេខ២៣ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ករណីនេះ បង្កការភ្ញាក់ផ្អើលដោយក្រុមទំនើងប្រមូលផ្តុំគ្នាបង្ហោះម៉ូតូ និងមានកាំបិតបុ័ងតោកាន់ជាប់នឹងដៃផងនោះ ក្រុមសន្តិសុខដែលយាមក្នុងបុរីពិភពថ្មីចំការដូង បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ចុះឃាត់ខ្លួនបានក្រុមក្មេងទំនើងជាច្រើននាក់ ក្រុមសន្តិសុខខាងលើ បានបង្ហើបឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២៧ ខែឧសភា ក្រុមក្មេងទំនើង ២ក្រុមនេះ ជិះម៉ូតូដេញវាយកាប់ចាក់គ្នាផ្អើលប្រជាពលរដ្ឋក្នុងបុរី ដោយមានអ្នករងរបួសស្រាល និងធ្ងន់ព្យាយាមជិះម៉ូតូរត់គេចខ្លួនបាត់អស់ មិនអស់ចិត្តទើបនៅរសៀលថ្ងៃទី២៨ ខែឧសភា ពួកគេបានណាត់គ្នាមកប្រកួតគ្នាម្តងទៀត នៅកន្លែងដដែលទើបសន្តិសុខ រាយការណ៍ជូនសមត្ថកិច្ចឲ្យចាប់ពួកគេតែម្តងទៅ។
ក្រោយឃាត់ខ្លួនក្មេងទំនើងទាំង ១០នាក់ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការអប់រំ និងប្រគល់ជូនអាណាព្យាបាលមកធានាត្រលប់ទៅផ្ទះវិញរៀងៗខ្លួន៕
មតិយោបល់