ព័ត៌មានជាតិ

និស្សិតស្រីសាលាច្បាប់ម្នាក់ ដេញចាប់ក្រុមចោរលួចបាន៤នាក់ នៅខណ្ឌកំបូល

ភ្នំពេញ: សូមកោតសរសើរ នារីជានិស្សិតសាលាច្បាប់ រួមសហការជាមួយកម្លាំង សមត្ថកិច្ច ដេញតាមចាប់ក្រុមចោរបាន ៤នាក់ ក្រោយពីធ្វើសកម្មភាពលួចកាបូបលុយ ទូរស័ព្ទ បានសម្រេច កាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះកំពុងសាងសង ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ហើយត្រូវនារីរងគ្រោះក្លាហានបានតាមរហូត ចាប់បាន៣នាក់ នៅវេលាម៉ោង៣និង១០នាទី បន្ទប់ នៅក្នុងផ្ទះសំណាក់ ខូយ ឡាក់ តាមផ្លូវបេតុង ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រួចបន្តឃាត់បានបក្ខពួកបានម្នាក់ទៀត នៅមុខផ្ទះសំណាក់ដដែល ។

ជនសង្ស័យចំនួន៤ នាក់ ឃាត់ខ្លួនបានទី១ ឈ្មោះ ហេង សុភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។ ទី២ ឈ្មោះ ព្រំ វិបុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសាមគ្គី៤ សង្កាត់ត្រពាំងក្រសាំង ។ ទី៣ ឈ្មោះ វិន រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ។ ទី៤ ឈ្មោះ ជា ស្រីតី ភេទស្រី អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រាំង ។ ចំណែកនារីរងគ្រោះ ឈ្មោះ គង់ រស្មី ភេទស្រី អាយុ២៣ឆ្នាំ ជានិស្សិតសាលាច្បាប់ ឆ្នាំទី៣ មានទីលំនៅ ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

ដោយឡែកកាបូបដែលជនសង្ស័យ រួមជាមួយបក្ខពួកលួច បានលុយ៥១០ដុល្លារ ប្រាក់រៀល១០ម៉ឺនរៀល ទូរស័ព្ទចំនួន៣គ្រឿង បានដកហូតមកវិញ តែលុយ បាត់៤០០ដុល្លារ មិនដឹងជនសង្ស័យលួចបានហើយយកទៅ ចែកចាយដល់ណាភ្លាមៗ សមត្ថកិច្ចកំពុងសាកសួរនៅឡើយ ។

តាមស្ត្រីឈ្មោះ ស៊ុន សុខនី អាយុ៥១ ត្រូវជាម្តាយនារីរងគ្រោះ បានឲ្យដឹងថា ផ្ទះរបស់គាត់ កំពុងសាងសង់ ជាងមិនទាន់បានដាក់ទ្វារនៅឡើយ ស្រាប់តែនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ខណ:ដែលក្រុមគ្រួសារ គាត់មានគ្នា៣នាក់ សុទ្ធតែមនុស្សស្រី ម្តាយ គាត់ និងកូនស្រី ដេកលង់លក់ ជនសង្ស័យម្នាក់ ចូលទៅក្នុងផ្ទះ លបលួចកាបូបកូនស្រី និងទូរស័ព្ទដែលដាក់នៅលើក្បាលដំណេក គាត់ដឹងខ្លួន ស្ទុះងើបស្រែកឆោឡោ ដេញតាម ជនសង្ស័យ៣នាក់បន្ថែមទៀត មានស្រីម្នាក់ផង នាំគ្នាបើកម៉ូតូរត់គេចបាត់ទៅ ។

ហេតុការណ៍កើតឡើងភ្លាមៗ ជននារីរងគ្រោះ ម្តាយ ទូរស័ព្ទប្តឹងប៉ូលិសប៉ុស្តិ៍សំរោង ដោយទូរស័ព្ទ ដែលជនសង្ស័យលួចយកទៅ ជាប់ I Cloud ជាឱកាសជនរងគ្រោះ ឆែកមើលដឹងគោលដៅ ដែលជនសង្ស័យរត់ទៅសំងំលាក់ខ្លួន នៅផ្ទះសំណាក់ ខូយ ឡាក់ ភូមិព្រៃបឹង សង្កាត់កន្ទោក ទើបនារីរងគ្រោះ រួមជាមួយប៉ូលិសប៉ុស្តិ៍សំរោង ទៅសហការជាមួយ កម្លាំងប៉ូលិសប៉ុស្តិ៍កន្ទោក មិនបានមួយម៉ោងផង នារីរងគ្រោះដឹងកន្លែងច្បាស់ តាមរយ:GPS ក្នុងភូរស័ព្ទ ដេញតាមចាប់ខ្លួនបាន៤នាក់ ស្រី១នាក់ យកបានកាបូប មកវិញ តែនៅបាត់លុយចំនួន៤០០ដុល្លារនៅឡើយ រួចនាំយកទៅសាកសួរនៅ ប៉ុស្តិ៍កន្ទោក បន្ទាប់មកបញ្ជូនទៅប៉ុស្តិ៍ សំរោងក្រោមវិញ ជាកន្លែងកើតហេតុ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិសែនជ័យ សាកសួរបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់