ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ លោក កែវ មុនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមសម្រេចផ្តន្ទាទោសជនជាប់ចោទចំនួន៦នាក់ដាក់ពន្ធនាគារក្នុងម្នាក់ៗពី២០ឆ្នាំទៅ៣០ឆ្នាំ និងលើកលែងបទចោទលើជនជាប់ចោទម្នាក់។
សាលក្រមរបស់តុលាការបានសម្រេច៖
-លើកលែងបទចោទលើជនជាប់ចោទទី១ឈ្មោះ ព្រៃ សុកឡាក់ ភេទប្រុស អាយុ ៥១ឆ្នាំ
-ដាក់ពន្ធនាគារជនជាប់ចោទឈ្មោះ ម៉ម វណ្ណាន ហៅចយ ភេទប្រុស អាយុ ២០ឆ្នាំ និងឈ្មោះ មឿន ខី ភេទប្រុស អាយុ ១៨ឆ្នាំ កំណត់រយៈពេល ២០ឆ្នាំ
-ដាក់ពន្ធនាគារជនជាប់ចោទ ឈ្មោះ អៀម ឡុច ភេទប្រុស អាយុ ២០ឆ្នាំ ឈ្មោះ ណាង ណាវី ភេទប្រុស អាយុ ១៩ឆ្នាំ ឈ្មោះ ខាត់ សួរ ហៅសង្ហា ភេទប្រុស អាយុ ១៨ឆ្នាំ និងឈ្មោះ ជិន ណាវី ភេទប្រុស អាយុ ២៩ឆ្នាំ កំណត់រយៈពេល ៣០ឆ្នាំ
ក្រោមការចោទប្រកាន់ពីបទ ឃាតកម្មដោយមានអំពើរំលោភសេពសន្ថវៈ លើនារីរកស៊ីផ្លូវភេទម្នាក់ ប្រព្រឹត្តនៅដីឡូត៍មួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ កាលពីយប់រំលងអាធ្រាត្រថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា២០៥ និងមាត្រា ៩៥ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា នៅក្នុងសវនាការកាលពីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ និងកាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនោះជនជាប់ចោទចំនួន ៦នាក់ដែលត្រូវតុលាការសម្រេចផ្តន្ទាទោសរួមមាន៖ -ទី១ឈ្មោះ ម៉ម វណ្ណាន ហៅចយ -ទី២ឈ្មោះ មឿន ខី -ទី៣ឈ្មោះ អៀម ឡុច -ទី៤ឈ្មោះ ណាង ណាវី -ទី៥ឈ្មោះ ខាត់ សួរ ហៅសង្ហា -ទី៦ឈ្មោះ ជិន ណាវី សុទ្ធតែបដិសេធថា ខ្លួនមិនបានប្រព្រឹត្តដូចការចោទប្រកាន់ និងបានអះអាងថា ចម្លើយដែលពួកគេឆ្លើយកន្លងមកជាការបង្គាប់របស់ឈ្មោះ ព្រៃ សុកឡាក់៕
មតិយោបល់