ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ទូរស័ព្ទ និងប្រជាពលរដ្ឋចាប់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីជនជាតិបរទេសម្នាក់ កាលពីវេលាម៉ោង១ និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចមុខផ្សារកណ្តាល តាមបណ្ដោយផ្លូវ១៣ កែងនិងផ្លូវ១៥៤ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ នុត សុភ័ក្ត ភេទទី៣ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកអាយខុន ពណ៌លឿងលាយស ពាក់ស្លាកលេខភ្នំពេញ 1CV-5117 ចំណែកជនរងគ្រោះ ជាជនជាតិបរទេស មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះ ជាជនជាតិបរទេសប្រុសម្នាក់ កំពុងឈរនិយាយទូរស័ព្ទ លើកំណាត់ផ្លូវ១៣ ក្នុងទិសដៅពីត្បូងទៅជើង នៅពេលនោះ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ (ជាភេទទី៣) ជិះម៉ូតូមួយគ្រឿងមកពីក្រោយ រួចក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿង ពីដៃជនរងគ្រោះបានសម្រេច ហើយបើករត់ទៅទិសខាងជើង។
ភ្លាមៗនោះជនរងគ្រោះ រត់ដេញតាមទាន់ ក៏លោតធាក់ឲ្យដួលទាំងអស់គ្នា ហើយក៏មានប្រជាពលរដ្ឋ ជួយចាប់ស្វាគមន៍មួយដៃមួយជើងឡើងទ្រោមខ្លួន ទើបប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកជនរងគ្រោះរងរបួស រលាត់ជើង ក៏បានយកទូរស័ព្ទបានមកវិញ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេកន្លងមកធ្លាប់ធ្វើសកម្មភាពឆក់ បានសម្រេចពីលើរួចមកហើយ ទើបលើកទីបីនេះ ត្រូវអស់លក្ខណ៍តែម្ដង។
ក្រោយពេលកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអធិការដ្ឋាននគរបាល ខណ្ឌដូនពេញរង់ចាំបញ្ជូនបន្តទៅតាមនីតិវិធីច្បាប់៕
មតិយោបល់