ព័ត៌មានជាតិ

ចុះពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុល ដើម្បីសន្តិសុខ សុវត្ថិភាពសង្គម

កំពង់ឆ្នាំងៈ ដើម្បីរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អនៅក្នុងខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ចេញនូវគោលការណ៍ឲ្យស្នងការនគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រឹតបណ្តឹងនូវការពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុលនៅពេលយប់ ធ្វើយ៉ាងណាធានា និងរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថភាពល្អនៅក្នុងខេត្ត។

ជាក់ស្តែងនៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងចំរុះប្រមាណជិត៣០នាក់ មកពីការិយាល័យអាវុធជាតិផ្ទុះ និងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកងរាជអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាល់កុលនៅចំណុចផ្លូវបែកជាបួន ស្ថិតក្នុងភូមិធម្មយុត្ត សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោក កែវ ឈុន នាយការិយាល័យអាវុធជាតិផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា​ តាមគោលការណ៍របស់អគ្គស្នងការនគរបាលជាតិ លោក​អភិបាលខេត្ត បានដាក់ចេញនូវវិធានការលុបបំបាត់ឲ្យអស់នូវការប្រើប្រាស់អាវុធជាតិផ្ទុះខុសច្បាប់ ដាវ កាំបិត ពូថៅ ឬសំភារៈដែលអាចបង្ករបួសស្នាមដល់អ្នកដទៃ និងអាចដាក់ជាប់ខ្លួនបាន។ តាមគោលការណ៍របស់លោក​ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ការពិនិត្យអាវុធជាតិផ្ទុះនេះ ត្រូវធ្វើឡើង៣លើកក្នុង១សប្តាហ៍ និងធ្វើជាប្រចាំ ដើម្បីឲ្យបទល្មើសបង្ករបួសស្នាមមានការថយចុះ។

ដោយឡែកក្នុងឆ្នាំ២០១៦នេះ ការប្រើប្រាស់អាវុធខុសច្បាប់មានការថយចុះច្រើន បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥។
លោក ឈឹម សារុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកវិញ បានបញ្ជាក់ថា​ ការចុះពិនិត្យជាតិអាល់កុលនៅពេលយប់ គឺក្នុងគោលបំណងកាត់បន្ថយការស្លាប់ដោយករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីបើកបរក្នុងស្ថានភាពស្រវឹងនៅពេលយប់ ហើយបើសិនជារកឃើញថា អ្នកបើកបរមានជាតិអាល់កុលចាប់ពី០,៤០មីលីក្រាមក្នុង១មីលីលីត្រខ្យល់ឡើងទៅ គឺត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្រោយពីការរឹតបណ្តឹងការត្រួតពិនិត្យជាតិអាល់កុលក្នុងពេលបើកបរ ឃើញថា អាត្រាអ្នកគ្រោះថ្នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់មានការថយចុះជាងឆ្នាំកន្លងទៅ។
ដោយឡែកលោក​ ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់អ្នកបើកបរយានយន្តទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំបើកបរក្នុងស្ថានភាពស្រវឹង កុំវ៉ាឬជែងក្នុងស្ថានភាពគ្រោះថ្នាក់ ត្រូវចេះស្រឡាញ់អាយុជីវិតអ្នកដទៃស្មើជីវិតខ្លួន ជាពិសេសគឺត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ទើបអាចកាត់បន្ថយបាននូវអាត្រាស្លាប់ និងរបួសដោយករណីគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ៕

មតិយោបល់