កែបៈ ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង៥និង៥៥នាទីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតចំណុចភូមិអូរដូង ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នៃកំណាត់ផ្លូវជាតិលេខ៣៣។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនពេលហេតុរថយន្តប្រភេទសណ្តោងដែលមានផ្ទុកស៊ីម៉ងត៍នេះបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែរថយន្តនោះរេចង្កូតធ្លាក់ចូលស្នាមភ្លោះរួចក្រឡាប់ផ្ងារជើងតែម្តង។
ប្រភពដដែលបានបន្តថាចំពោះហេតុការណ៍នេះពុំបណ្តាលឲ្យអ្នកដំណើរផ្សេងទៀតរងគ្រោះឡើយដោយករណីនេះអាចផ្តើមឡើងព្រោះតែអ្នកបើកបរអត់ងងុយដេកមួយភាំងទើបធ្វើឲ្យរថយន្តរេចង្កូតខុសផ្លូវហើយក្រឡាប់បះកង់ឡើងលើថែមទាំងដាច់ជាចំណែកក្បាលទៅដោយក្បាលកន្ទុយទៅដោយកន្ទុយប៉ុន្តែអ្នកបើកបរពុំរងរបួសទេ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថារថយន្តបង្កខ្លួនឯងនេះជាប្រភេទរថយន្តសណ្តោងដោយស្លាកលេខក្បាលរថយន្តភ្នំពេញ3B-9784និងស្លាកកន្ទុយរថយន្តព្រះសីហនុ4A-2302អ្នកបើកបរឈ្មោះ សឿន រូត ភេទប្រុស អាយុ២៣ ឆ្នាំមានទីលំនៅភូមិព្រៃកោង ឃុំគិរីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នរថយន្តបង្កខ្លួនឯងខាងលើត្រូវបានសមត្ថកិច្ចអនុញ្ញាតឲ្យម្ចាស់ស្ទូចយកទៅជួសជុលវិញដោយសារពេលកើតហេតុពុំបានបង្ករបួសស្នាមដល់អ្នកដទៃ៕
មតិយោបល់