ចិនៈ ប៉ូលិសប្រដាប់អាវុធ បានបំផ្លាញទំនប់ទឹក ដោយដាក់គ្រាប់បែកបំផ្ទុះ នៅបឹង Liangzi និង Niushan ចម្ងាយ ៣,៧ គីឡូម៉ែត្រ ក្នុងខេត្តហ៊ូបីភាគកណ្ដាលប្រទេសចិន កាលពីម៉ោង ៦ និង ៣០នាទីព្រឹក ដើម្បីបន្ថយការកើនឡើងនៃកម្ពស់ទឹកជំនន់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០១៦។
លោក Ren Zhenhe អភិបាលរងខេត្តហ៊ូបី បាននិយាយថា ហ៊ូបីជាខេត្តមួយ ស្ថិតក្នុងចំណោមតំបន់ ដែលរងផលប៉ះពាល់អាក្រក់បំផុត ដោយសារភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមានមនុស្សជាច្រើននាក់ បាត់បង់ជីវិតកាលពីពេលថ្មីៗនេះ។
ដោយសារភ្លៀងធ្លាក់ឥតឈប់ឈរ ចាប់តាំងពីពាក់កណ្ដាលខែមិថុនា បង្កឲ្យកម្រិតទឹកបឹងចំនួនពីរទ្បើង កម្ពស់ខ្លាំង ទើបធ្វើឲ្យអាជ្ញាធរសម្រេចចិត្ត ដាក់គ្រាប់បែកទម្ងន់ ៣០តោន បំផ្ទុះបំបែកទំនប់ ដើម្បីកាត់បន្ថយការទ្បើងកម្ពស់ទឹកជំនន់ ក្នុងខេត្តមួយនេះ៕
មតិយោបល់