បាត់ដំបងៈ ចោរស្រីចំនួន២នាក់ ជំនាញវះកាបូប និងលូកហោប៉ៅ ប្រជាពលរដ្ឋ និងអាជីវករនៅតាមផ្សារ ពេលនេះ អស់លក្ខណ៍ ត្រូវជាប់ខ្នោះសមត្ថកិច្ច ក្នុងនោះ មានម្នាក់គឺជាក្ដឹបចោរដែលមានសាច់ខ្ចីល្ហក់។
ការប្រព្រឹត្តអំពើលួចនេះ បានកើតឡើងកាលវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅត្រងចំណុចផ្សារបឹងឈូក ស្ថិតក្នុងក្រុមទី៤២ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបង្កដោយជនសង្ស័យ ស្រីទាំង២នាក់នេះតែម្ដង ។
តាមសម្តីរបស់ជនរងគ្រោះឈ្មោះ រ៉េត សៅរី ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលបានដើរចូលទៅក្នុងផ្សារ ហើយត្រូវបានជនមិនស្គាល់មុខលូកក្នុងកាបូបយកទូរស័ព្ទម៉ាកអាយហ្វូនសិក ពណ៌មាសមួយគ្រឿង និងប្រាក់ចំនួន៧០ម៉ឺនរៀល។ ភ្លាមៗ ជនរងគ្រោះ បានឆោឡោ ព្រមទាំងមានការសង្ស័យក៏មានការជួយអន្តរាគមន៍ពីសំណាក់ក្រុមអាជីវករក្នុងផ្សារ ទើបឃាត់ខ្លួននារីសង្ស័យបានចំនួន២នាក់ ព្រមទាំងបានប្តឹងទៅសមត្ថកិច្ច ដើម្បីនាំខ្លួនយកទៅសាកសួរ។
នារីជាជនសង្ស័យទាំងពីរនាក់នោះ មានឈ្មោះ ទូច នាង ភេទស្រី អាយុ៣៧ឆ្នាំ និងម្នាក់ទៀតឈ្មោះ សុខ ច្រឹប ភេទស្រី អាយុ១៦ឆ្នាំ អ្នកទាំងពីររស់នៅភូមិត្រពាំងលើក ឃុំ ត្រពាំងលើក ស្រុកបាទី ខេត្តតាកែវ។
បច្ចុប្បន្ន ដោយយោងទៅលើវត្ថុតាង និងចំលើយសារភាព គឺនារីដែលជាជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង កំពុងកសាង សំណុំរឿង ដើម្បីបញ្ជូនទៅជំនាញចាត់ចែងតាមផ្លូវច្បាប់៕
មតិយោបល់