ព័ត៌មានជាតិ

ប្រហែសបាត់ ប្រយ័ត្នគង់! ជិះម៉ូតូទៅលេងផ្ទះមិត្តភក្ដិ ទុកមិនស្រួលបួល ត្រូវចោរលួចបាត់…

ភ្នំពេញៈ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ៣២៤ ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានករណីលួចម៉ូតូ០១គ្រឿង។

ជនសង្ស័យឈ្មោះ សុខ សុភ័ក្រ្ក ហៅ ខ្មៅ ភេទប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួល ផ្លូវរថភ្លើង ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ មុខរបរ មិនប្រាកដ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន)។ ជនរងគ្រោះឈ្មោះ នូ ប៊ុនធឿន ភេទ ប្រុសអាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៣៩២ ផ្លូវលេខ២៧១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បើកបររថយន្តតាក់ស៊ី ។

វត្ថុតាងចាប់យក៖
-ម៉ូតូ០១គ្រឿងម៉ាកអាយខន ពណ៌ក្រហមលាយខ្មៅ លេខតួ + លេខម៉ាស៊ីន 0002733 ពាក់ស្លាកលេខ សៀមរាប 1M-0323 (ជារបស់ជនរងគ្រោះ) -ដែកចុងស្រួចចំនួន០១
-សោបំពង់លេខ៨ចំនួន០១
-ទុលឡឺវីស ចំនួន០១
-កាបូបខ្មៅចំនួន០១
-ស្លាកលេខម៉ូតូ០១ បន្ទះលេខ ភ្នំពេញ 1FC 4910 និង ទូរស័ព្ទដៃចាស់០១គ្រឿង (ជារបស់ជនសង្ស័យ) ។

សម្ភារៈបាត់បង់៖ ប័ណ្ណសម្គាល់យានយន្តចំនួន០១សន្លឹក និងសម្ភារៈមួយចំនួនទៀត។

ដំណើររឿង៖ កាលពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង១១ និង០០នាទីព្រឹក នៅចំណុចមុខផ្ទះលេខ៣២៤ ផ្លូវលេខ៣៧១ ភូមិ ព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ជនរងគ្រោះឈ្មោះ នូ ប៊ុនធឿន បានយកម៉ូតូ០១គ្រឿងម៉ាកអាយខន ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ សៀមរាប 1M0323 ដោយបានទុកប័ណ្ណសម្គាល់យានយន្ត និងសម្ភារៈមួយចំនួន នៅក្រោមកែបម៉ូតូ រួចដើរចូលទៅលេងផ្ទះមិត្តភក្តិដែលនៅក្បែរនោះ ។

លុះមកដល់វេលាម៉ោង១ និង៣០នាទីរសៀលដដែល ជនរងគ្រោះឈ្មោះ នូ ប៊ុនធឿន បានចេញមកម៉ូតូមើល ស្រាប់តែបាត់មិនឃើញម៉ូតូ ទើបជនរងគ្រោះ បានជិះម៉ូតូជាមួយមិត្តភក្ដិ ស្វែងរកម៉ូតូរហូតដល់វេលាម៉ោង១ និង៤០នាទីរសៀលថ្ងៃដដែល ក៏ប្រទះឃើញជនសង្ស័យម្នាក់ ឈ្មោះ សុខ សុភ័ក្រ្ក ហៅ ខ្មៅ កំពុងជិះម៉ូតូខ្លួន នៅចំណុចស្តុបឃ្លាំងរំសេវ ផ្លូវលេខ២៧១ សង្កាត់ ទឹកល្អក់៣ ខណ្ឌមានជ័យ ពេលនោះជនរងគ្រោះឈ្មោះ នូ ប៊ុនធឿន បានស្រែកឆោឡោឡើង ហើយកម្លាំង នគរបាល ប៉ុស្តិ៍ទឹកល្អក់៣ បានចូលទៅឃាត់ខ្លួន ជនសង្ស័យឈ្មោះ សុខ សុភ័ក្រ្ក ហៅ ខ្មៅ និង ដកហូតម៉ូតូខាងលើ ហើយក៏បានប្រគល់ខ្លួនជនសង្ស័យ និង វត្ថុតាង ឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្តតែម្តង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់